Than Quang Ninh មកដល់ទឹកដីកម្ពុជា ត្រៀមតតាំងជាមួយព្រះខ័នរាជស្វាយរៀង ក្នុងជំនួបទី៣ ពាន AFC Cup

មាស សុផាណារ៉ុង March 9, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវតតាំងជាមួយក្រុមភ្ញៀវ Than Quang Ninh ក្នុងជំនួបទី៣ ប្រចាំពូល G នៃពានក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) ខណៈក្រុមមកពីវៀតណាម មួយនេះបានមកដល់កម្ពុជា ហើយ ពោលគឺ ២ថ្ងៃមុខការប្រកួតមកដល់។

តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា Than Quang Ninh បានមកដល់កម្ពុជា នៅរសៀលថ្ងៃទី០៩ ខែមីនា នេះ មុននឹងត្រូវតតាំងគ្នានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ខាងមុខ នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ វេលាម៉ោង ៦ល្ងាច។

ការប្រកួតនៅ ២ថ្ងៃខាងមុខ គឺជាការប្រកួតទី៣ ដូចគ្នាសម្រាប់ក្រុមទាំង២ ដ្បិត ២ប្រកួតកន្លងមកធ្វើបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ដូចគ្នា ដោយក្នុងនោះម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ប្រកួតឈ្នះ១ និងចាញ់១ ( ចាញ់ Ceres Negros ៤-០, ឈ្នះ Bali United ២-១ ) ខណៈ Than Quang Ninh វិញ ប្រកួតចាញ់១ និងស្មើ១ ( ចាញ់ Bali United ៤-១, និងមកស្មើជាមួយ Ceres Negros ២-២ )។

ចំពោះតារាងចំណាត់ថ្នាក់វិញ ព្រះខ័នរាជស្វាយរៀង កំពុងឈរនៅលេខ២ ក្នុងពូល G បណ្ដោះអាសន្ន ដោយគិតលើរូបមន្ត Head to Head ឈ្នះលើ Bali United ស្របពេលដែល Than Quang Ninh កំពុងស្ថិតនៅបាតតារាង។

អំពីក្រុម​ Than Quang Ninh វិញ គឺជាក្រុមដែលទទួលការចាប់អារម្មណ៍មួយក្នុងនាមជាក្រុមដែលពុំមានកីឡាករសូម្បីតែម្នាក់ជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ( យោងលើបញ្ជីឈ្មោះចុងក្រោយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ) ធ្លាប់មានតែកីឡាករ Mac Hong Quan ម្នាក់គត់ដែលធ្លាប់ជាប់លើកចុងក្រោយកាលពីដើមខែតុលា ឆ្នាំ២០១៩​ ក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Park Hang-seo។

ក្រុមនេះមានកីឡាករបរទេសតែ ៣នាក់ប៉ុណ្ណោះ ពោលគឺកីឡាករសញ្ជាតិចាម៉ៃកា​ ២នាក់ និងម្នាក់ទៀតគឺជាកីឡាករសញ្ជាតិប៊ូស្នៀរ។

គួរបញ្ជាក់ជាថ្មីថា ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះ Than Quang Ninh នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នឹងធ្វើឡើងនៅវេលាម៉ោង ៦:០០នាទីល្ងាច លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ខណៈដែរការប្រកួតមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ Than Quảng Ninh Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់