លោក មាស ចាន់ណា៖ ក្រោយឈ្នះសូលទីឡូ ៤-២ «សូលទីឡូអង្គរ មិនមែនក្រុមអន់ឡើយ»

មាស សុផាណារ៉ុង March 9, 2020


 

សៀមរាប៖ លោក មាស ចាន់ណា គ្រូបង្វឹកក្លឹបបាល់ទាត់ណាហ្គាវើលដ៏ បានលើកឡើងថា សូលទីឡូអង្គរ មិនមែនជាក្រុមអន់ឡើយ ទោះបីក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ទើបប្រកួតចាញ់ក្រុមខ្លួន ៤ទល់២ ដែលនាំឲ្យរក្សាកៅអីបាតតារាង និងបន្ដកំណត់ត្រាចាញ់ ៤ប្រកួតផ្ទួនៗនៃលីគកំពូលកម្ពុជាក៏ដោយ។ ការថ្លែងបែបនេះ ព្រោះ ៤ប្រកួតដំបូងរបស់សូលទីឡូអង្គរ ជួបសុទ្ធតែក្រុមខ្លាំងៗ។

គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A License រូបនេះ និយាយថា៖ «ខ្ញុំគិតថា សូលទីឡូអង្គរ មិនអន់ទេ បើមើលត្រឡប់ក្រោយ ៤ប្រកួតដំបូង ពួកគាត់ប៉ះសុទ្ធតែក្រុមខ្លាំង ទី១-ប៉ះ ព្រះខ័នរាជស្វាយរៀង ទី២-ប៉ះ អង្គរថាយហ្គឺរ ទី៣-ប៉ះ វិសាខា និងទី៤-ប៉ះ ណាហ្គាវើលដ៏។ អញ្ចឹងអ្វីដែលខ្ញុំមើលឃើញ កម្រិតនៃការលេងពួកគាត់ អាចលើអគ្គិសនីកម្ពុជា និង U-18 បាទី ហើយប្រហាក់ប្រហែលអាស៊ីអឺរ៉ុប និងនគរបាលជាតិ។ ចឹងគាត់អាចឈរលេខ៨ ឬលេខ៩ អី មិនដល់ថ្នាក់លេខ១៣ ទេ។»

ជុំវិញការប្រកួតឈ្នះសូលទីឡូអង្គរ កាលពីចុងសប្ដាហ៍កន្លងទៅវិញ លោកថា៖ «លេងជាមួយសូលទីឡូ គឺមានការរៀបចំ និងទីលានអីក៏ល្អ ខ្ញុំសប្បាយចិត្តក្នុងការទៅលេង គ្រាន់តែយើងមិនសូវសប្បាយចិត្តពេលយើងទៅ ស្របពេលល្បីជំងឺ COVID-19 តែអ្វីផ្សេងៗ គឺល្អ ហើយយើងក៏អរគុណ ចំពោះសូលទីឡូ ដែលបានទទួលយ៉ាងកក់ក្ដៅ ពិសេសការប្រកួតក៏ទាក់ទាញដែរ ព្រោះមានភាពតានតឹង ប្រដេញគ្រាប់បាល់គ្នា និយាយរួមដូចខ្ញុំធ្លាប់លើកឡើងអញ្ចឹង គឺប៉ះសូលទីឡូអង្គរ មិនងាយស្រួលទេ។»

គួរបញ្ជាក់ថា ឆ្លងកាត់ ៤ប្រកួតកន្លងមកសូលទីឡូអង្គរ មិនទាន់មានពិន្ទុរាប់នោះទេ ហើយក៏ជាក្រុមរបូតគ្រាប់ច្រើនជាងគេទៀតផង ដោយចាញ់ ៤ប្រកួតរបូត ២០គ្រាប់ឯណោះ មុនពួកគេបន្ដបើកទ្វារផ្ទះ នៃកីឡដ្ឋាន SRU ទទួលក្លឹបបាល់ទាត់នគរបាលជាតិ ក្នុងសប្ដាហ៍ទី៥ ចុងសប្ដាហ៍នេះ។ ចំណែកក្រុមណាហ្គាវើលដ៏ ដែលទើបប្រកួតបាន ៣លើកមិនទាន់ស្គាល់ចាញ់នោះទេ ដោយរកបាន ៧ពិន្ទុ ជាមួយលទ្ធផលឈ្នះ២ និងស្មើ១ ហើយសប្ដាហ៍បន្ទាប់ពួកគេ ត្រូវប៉ះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នៅខេត្តតាកែវ៕

 

រូបភាព៖ Nagaworld FC

អត្ថបទ៖ បុត្រា

មតិយោបល់