សេចក្ដីប្រកាសផ្លូវការ អំពីការពន្យា ឬលើកពេលវគ្គជម្រុះបាល់ទាត់ពិភពលោក អាចនឹងធ្វើឡើងថ្ងៃទី៩ មីនា នេះ

មាស សុផាណារ៉ុង March 9, 2020


 

អាស៊ី៖ សេចក្ដីប្រកាសជាផ្លូវការ ស្ដីអំពីការពន្យាពេល ឬលើកពេលប្រកួត វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup ) នឹងធ្វើឡើងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នេះ បន្ទាប់ពីធ្លាប់មានការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ( PSSI ) កាលពីប៉ុន្មានថ្ងៃមុន ថានឹងមានការលើកពេលប្រកួតរួចមក។

កម្ពុជា ប្រកួតជាមួយ អ៊ីរ៉ាក់ កាលពីថ្ងៃទី១៥ តុលា ២០១៩

កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ( PSSI ) បានចេញផ្សាយថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានសម្រេចពន្យារពេលជាផ្លូវការនៃការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ឆ្នាំ២០២២ ដោយសាររីករាលដាលនៃការផ្ទុះវីរុស COVID-19 បន្ទាប់ពី AFC បានផ្ញើលិខិតលទ្ធផលនៃកិច្ចប្រជុំបន្ទាន់មួយ រវាង AFC ជាមួយ FIFA ដែលមានចុះហត្ថលេខាដោយអគ្គលេខាធិការ លោក Dato Windsor Windsor John ទៅកាន់សមាជិកមួយចំនួន។

ប៉ុន្តែយ៉ាងណាមិញ សេចក្ដីប្រកាសជាផ្លូវការ ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) អំពីថាតើព្រឹត្តិការណ៍នឹងត្រូវលើកពេល ឬពន្យាពេលយ៉ាងណានោះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ siamsport។

បើទោះបីជាការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ( PSSI ) ធ្វើឡើងមុនសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ក៏ដោយ ប៉ុន្តែសេចក្ដីប្រកាសជាផ្លូវការ គឺត្រូវរង់ចាំពី FIFA ជាមុនសិន ខណៈយ៉ាងណាមិញសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ធ្លាប់បានប្រកាសថាការប្រកួតដែលគ្រោងនឹងធ្វើនៅខែមីនានឹងត្រូវបានប្តូរទៅប្រកួតនៅខែតុលា និងការប្រកួតខែមិថុនាត្រូវលើកទៅប្រកួតនៅខែវិច្ឆិកាចុងឆ្នាំនេះវិញ។

សូមបញ្ជាក់ថា វីរុស COVID-19 ដែលមានឈ្មោះដើមថា វីរុសកូរ៉ូណា បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន ខណៈការប្រកួតបាល់ទាត់មួយចំនួនធំនៅជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលដើម្បីបង្ការការរីករាលដាលនៃវីរុសខាងផ្លូវដង្ហើមដ៏អាក្រក់នេះ គ្រាដែលនៅកម្ពុជា បច្ចុប្បន្នមាន ១ករណីបន្ថែមទៀតលើបុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ ដែលកំពុងទទួលការសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប៕

 

ចុចអានអត្ថបទអំពី៖ ការប្រកួតជម្រុះ World Cup 2022 ត្រូវលើកទៅប្រកួតខែតុលា និងខែវិច្ឆិកា ក្រោយករណីរីករាលដាល COVID-19

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់