លោក ស៊ុំ វណ្ណា ថាប៉ះស្វាយរៀងពិតជាតឹងតែង ខណៈលោក Conor គោរពថាមានក្រុមពីរដ៏ល្អនៅលើទីលាន

មាស សុផាណារ៉ុង March 9, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតស្មើជាមួយ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០ទល់០ ក្នុងជំនួបសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅកីឡដ្ឋានស្មាតអអេសអិន។

សម្រាប់ការប្រកួតដែលបញ្ចប់ទៅដោយពុំមានគ្រាប់បាល់បានកើតឡើងនេះ ក្រុមទាំងសងខាងមានឱកាសទាត់សំដៅទីគ្នាទៅវិញទៅមក ជាក់ស្ដែង ភ្នំពេញក្រោន មានឱកាសទាត់សំដៅទីព្រះខ័នរាជស្វាយរៀង ១៤ដង ( ចំគោលដៅ ៣ដង ខុសគោលដៅ ១១ដង ) ខណៈព្រះខ័នរាជស្វាយរៀង វិញ មានឱកាសទាត់សំដៅទីភ្នំពេញក្រោន ១៦ដង ( ចំគោលដៅ ៧ដង និងខុសគោលដៅ ៩ដង ) ប៉ុន្តែយ៉ាងណាមិញគ្រាប់បាល់ចូលទីពិតប្រាកដមិនអាចសម្រេចបានឡើយ និងបានរក្សាលទ្ធផលដល់ចប់ការប្រកួតចែកគ្នាម្នាក់មួយពិន្ទុ។

ថ្លែងក្រោយចប់ការប្រកួតដ៏ស្វិតស្វាញ នេះទាំងគ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកឡើងនូវហេតុផលផ្សេងៗពីគ្នាដែលនាំឲ្យលទ្ធផលនេះបញ្ចប់ទៅដោយស្មើ ពោល លោក ស៊ុំ វណ្ណា ( គ្រូភ្នំពេញក្រោន ) ដឹងមុនថានឹងតឹងតែង ដោយសារក្រុមទាំងពីរជាក្រុមមានកម្រិតប្រហាក់ប្រហែលគ្នានៅរដូវកាល ២០២០ នេះ ស្របពេល លោក Conor Nestor ( គ្រូព្រះខ័នរាជស្វាយរៀង ) គោរពថាមានក្រុម២ ដ៏ល្អនៅលើទីលាន។

លោក Conor Nestor បានលើកឡើងថា៖

«ខ្ញុំគិតថា យើងពិតជាធ្វើបានយ៉ាងល្អនៅវគ្គទី១ ជាមួយឱកាសជាច្រើន នៅវគ្គទី២ យើងសុំសរសើរគូប្រកួតរបស់យើង ពួកគេព្យាយាមកាន់តែខ្លាំង ហើយកីឡាករប្រឹងប្រែងសម្រុកយ៉ាងលឿន ហើយយើងបានតស៊ូទាំងអស់គ្នា និងនៅពេលដែលខ្ញុំបានផ្លាស់ប្ដូរ យើងក៏នឹក Thiago ដូចគ្នា ជំនួសដោយ Pedro ដែលយើងដឹងថាគាត់នឹងធ្វើឲ្យមានការប្រែប្រួល ដែលនេះគឺជាអ្វីដែលយើងត្រូវតែទទួលស្គាល់នៃការផ្លាស់ប្ដូររបៀបលេងនៅក្នុងអំឡុងការប្រកួត។»

លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាមួយនឹងការទាកទាញ ប៉ុន្តែយើងក៏ត្រូវគោរពថាមានក្រុមល្អ ២នៅលើទីលាន ហើយមិនអាចគ្រប់ដណ្ដប់ការប្រកួតពេញ ៩០នាទី។»

លោក ស៊ុំ វណ្ណា បានលើកឡើងផងដែរថា៖

«ទាក់ទងការប្រកួតថ្ងៃនេះ គឺយើងដឹងមុនថាវាតឹងតែង ដោយសារក្រុមទាំងពីរជាក្រុមមានកម្រិតប្រហាក់ប្រហែលគ្នានៅរដូវកាល២០២០ នេះ អ៊ីចឹងបានន័យថា អត់មានអ្នកណាលើសអ្នកណា សំខាន់លើទឹកចិត្តកីឡាករ…។ ធាតុពិត ពេលខ្លះយើងខ្វះចន្លោះប្រហោងដែរ ហើយយើងខ្វះកន្លែងចន្លោះប្រហោងយើងបានទុកឱកាសឲ្យគូប្រកួតវាយបកមកយើង ២,៣ ដងដែរ នៅតង់ទី១។»

ជុំវិញការសង្គេតឃើញ ២០នាទីដំបូង ព្រះខ័នរាជស្វាយរៀង បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង គ្រូបង្វឹកដដែលរូបនេះបានឆ្លើយតបថា៖ «ជាក់ស្ដែង គឺជាតាក់ទិចរបស់គាត់ ហើយយើងដឹងមុនថាគាត់ នឹងដាក់សម្ពាធយើង ដោយសាររបៀបលេងរបស់គាត់ប្រែប្រួល ច្រើនដំណាក់កាល ដំណាក់កាលទី១ គាត់លេងខ្លាំងជាមួយយើងប្រហែល ២០នាទី ដំណាក់កាលទី២ នៅ ២៥នាទីចុងក្រោយ គាត់ទម្លាក់ដើម្បីឲ្យយើងលេង ដើម្បីឲ្យយើងមានកំហុសទៅ គាត់វាយបក ហើយក៏ជារបៀបលេងរបស់យើង ក្នុងរយៈ ១៥ ទៅ២០ នាទីគឺយើងរក្សាការការពារឲ្យបានច្រើន។»

សូមបញ្ជាក់ថា លទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមទាំងពីរស្ថិតនៅលេខ១ និងលេខ២ ក្នុងតារាងចំណាត់ថ្នាក់ត្រឹមសប្ដាហ៍ទី៤ ពោលគឺ ភ្នំពេញក្រោន នៅលេខ១ មាន ១០ពិន្ទុ ក្រោយប្រកួត ៤ដង ឈ្នះ៣ និងស្មើ១ ខណៈព្រះខ័នរាជស្វាយរៀង នៅលេខ២ ក្រោយប្រកួត ៤ដងដូចគ្នា ឈ្នះ៣ និងស្មើ១ មាន​ ១០ពិន្ទុ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់