Jonathan Campbell អំពីកម្មវិធីប្រកួតដ៏មមាញឹករបស់ព្រះខ័នរាជស្វាយរៀង និងមុនជួបភ្នំពេញក្រោន

មាស សុផាណារ៉ុង March 7, 2020


 

ស្វាយរៀង៖ ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅកាន់កីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) សម្រាប់ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ជាមួយក្រុមកំពូលតារាង ភ្នំពេញក្រោន នៅថ្ងៃអាទិត្យ នេះ។

ជ័យជម្នះលើក្រុមម្ចាស់ផ្ទះ នឹងធ្វើឱ្យក្រុមការពារតំណែងជើងឯកមួយនេះ ឡើងមកឈរលើកំពូលតារាងលីគសារជាថ្មី។ ប៉ុន្តែទោះបីជាធ្លាប់បានយកឈ្នះក្រុមរហស្សនាមសឹង្ហក្រហម ៥ទល់២ នៅកីឡដ្ឋានដដែលនេះ កាលពីរដូវកាលមុនក៏ដោយ ក៏កីឡាករ Jonathan Campbell រំពឹងថានឹងមានការប្រកួតដ៏ស្វិតស្វាញមួយជាមួយភ្នំពេញក្រោន ខណៈដែលពួកគេកំពុងតែចាប់ផ្តើមបានយ៉ាងល្អនៅក្នុងលីគ។

ជាមួយគ្នាផងដែរ ខ្សែការពារកណ្តាលរូបនេះក៏បង្ហាញពីការព្រួយបារម្ភចំពោះកម្មវិធីប្រកួតដ៏មមាញឹករបស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ព្រោះពួកគេនឹងត្រូវជួបជាមួយក្រុមរបស់វៀតណាម Than Quang Ninh ក្នុងការប្រកួត AFC Cup ពូល G នៅថ្ងៃពុធសប្តាហ៍ក្រោយ។

Jonathan Campbell បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំប្រាកដថាវានឹងក្លាយជាការប្រកួតបាល់ទាត់ដែលមានការប្រកួតប្រជែង ហើយខ្ញុំសង្ឃឹមថាអ្នកគាំទ្រជាច្រើននឹងមក ទោះបីជាពេលវេលាប្រកួតត្រូវបានផ្លាស់ប្តូរទៅម៉ោង ៣:៣០ រសៀលក៏ដោយ។»

«សម្រាប់យើងរាល់ការប្រកួតទាំងអស់មានសារៈសំខាន់ ដូច្នេះយើងនឹងរៀបចំការប្រកួតមួយក្នុងពេលតែមួយ។ សប្តាហ៍ក្រោយ គឺជាសប្តាហ៍ដ៏មមាញឹករបស់យើង ដូចដែលយើងមាន ៣ប្រកួតក្នុងរយៈពេល ៧ថ្ងៃ។ គន្លឹះសំខាន់ គឺធ្វើឲ្យបានល្អនៅថ្ងៃអាទិត្យ ហើយនឹងប្រមូលកម្លាំងឲ្យបានត្រឹមត្រូវ សម្រាប់ការប្រកួត AFC Cup របស់យើងនៅថ្ងៃពុធនេះ។» ខ្សែការពារសញ្ជាតិអាមេរិក រូបនេះបានបន្ថែម។

សូមបញ្ជាក់ផងដែរថា ជំនួបភ្នំពេញក្រោន ជាមួយ ព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣:៣០នាទីរសៀល នាកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN )  ខណៈដែលការប្រកួតក៏នឹងមានផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ​BTV News ផងដែរ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់