ទ័ព បង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ ស្របពេលមានការឧបត្ថម្ភ ១ឆ្នាំ ៣០ម៉ឺនដុល្លារពី TV5

មាស សុផាណារ៉ុង March 6, 2020


 

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រកាសបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់របស់ខ្លួនជាផ្លូវការហើយ ដោយមាន លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ (TV5) ត្រូវបានតែងតាំងជាប្រធាន ហើយលោកក៏បានប្រកាសឧបត្ថម្ភដល់អតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលនេះរយៈពេល ១០ឆ្នាំ ក្នុងមួយឆ្នាំ ៣០ម៉ឺនដុល្លារទៀតផង។

ពិធីប្រកាសបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រកាសភាពជាដៃគូឧបត្ថម្ភនេះ បានធ្វើឡើងនៅសណ្ឋាគាសូហ្វីតែល ក្រោមវត្តមាន ឯកឧត្តម ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងលោក ស៊ុប៉ាឆៃ វីរៈពូជុង ព្រមទាំងវត្តមានកីឡាករទាំងអស់របស់អតីតក្រុមជើងឯករងលីគកំពូលកម្ពុជា ២សម័យកាលនេះផងដែរ។

ឯកឧត្តម ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមនេះ គឺដើម្បីធានានិរន្ដរភាពរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ តាមរយៈការពង្រឹងការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានកីឡាករល្អៗឲ្យបានច្រើន សម្រាប់ធ្វើការប្រកួតប្រជែង ជាមួយបណ្ដាក្លិបផ្សេងៗ ក្នុងលីគ ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន រួមទាំងការកសាងបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាការជួសជុលកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ជាដើម។

ចំពោះសមាសភាពរបស់គណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ សមាគមទើបប្ដូរមកពីឈ្មោះក្លិបក្រសួងការពារជាតិនេះ ក្រៅពីលោក ស៊ុប៉ាឆៃ វីរៈពូជុង នេះ គឺមានឯកឧត្តម តែម ម៉ឺន ជាអនុប្រធាន ព្រមទាំងវត្តមានសមាជិកមួយចំនួនទៀត។ ចំពោះ លោក ស៊ុប៉ាឆៃ វីរៈពូជុង ក្នុងនាមអគ្គនាយក TV5 លោកបានប្រកាសឧបត្ថម្ភរយៈពេល ១០ឆ្នាំ ដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយក្នុង ១ឆ្នាំ ៣០ម៉ឺនដុល្លារ សរុបគឺមានទឹកប្រាក់ចំនួន ៣លានដុល្លារ ។ បន្ថែមលើនេះ លោកក៏បានប្រកាសជំហររ៉ាប់រង់បញ្ហាថវិការបស់សមាគមទៀតផង៕

 

អត្ថបទ៖ បុត្រា

មតិយោបល់