វិសាខា ក្លាយជាក្លឹបទី២ មានក្រុមហ៊ុនឧបត្ថម្ភសំបុត្រយន្ដហោះប្រកួតក្រៅដី នៅសៀមរាប

មាស សុផាណារ៉ុង March 6, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា បានក្លាយជាក្លិបទី២ នៃលីគកំពូលកម្ពុជា ដែលមានក្រុមហ៊ុនឯកជនប្រកាសឧបត្ថម្ភសំបុត្រយន្ដហោះធ្វើដំណើរទៅមក សម្រាប់ការប្រកួតក្រៅដី នាខេត្តសៀមរាប បន្ទាប់ពីក្លឹបបឹងកេតអែហ្វស៊ី។

ក្រុមជើងឯករងឆ្នាំចាស់នេះ បានប្រកាសចុះកិច្ចព្រមព្រៀងភាពជាដៃជាមួយក្រុមហ៊ុន YUE TAI Sports Development Co., Ltd ក្រោមវត្តមានលោកជំទាវ កែ សួនសុភី ប្រធានក្លឹបាល់ទាត់វិសាខា និងលោក Sam Yeung អគ្គនាយកនៃ YUE TAI International Group Limited កាលពីម្សិលមិញ នៅកីឡដ្ឋានព្រីនស៍។

កញ្ញា នូសុវត្ថិ ចាន់វល័ក្ខ ទីប្រឹក្សាផ្នែកទីផ្សាក្លឹបមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានរយៈពេល ៣ឆ្នាំ ដោយក្រុមហ៊ុនផ្ដល់ជូននូវសំបុត្រយន្ដហោះដល់កីឡាករ និងក្រុមការងារទាំងអស់ សម្រាប់ធ្វើដំណើរទៅមក ទៅប្រកួតក្រៅដី នាខេត្តសៀមរាប ដោយឥតគិតថ្លៃ ពិសេសជំនួបជាមួយក្លឹបអង្គរថាយហ្គឺរ និងក្លឹបសូលទីឡូអង្គរ ។

កញ្ញាបន្ដថា៖ «ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន YUETAI Sports Development Co., Ltd ពេលនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ជាមួយថ្នាក់ដឹកនាំក្លឹបរបស់យើង ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា ពិសេសក្លឹបបាល់ទាត់វិសាខា ឲ្យកាន់តែរីកចម្រើន និងឈានទៅរកការប្រកួតប្រជែងកាន់តែខ្លាំង ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។»

ទន្ទឹមជាមួយគ្នា លោក Sam Yeung បានកោតសរសើរ ចំពោះវិសាខា ដែលបានវិវត្ដខ្លួនយ៉ាងឆាប់រហ័ស ក្នុងនាមក្លឹបក្មេងខ្ចីមួយ នៃលីគកំពូលកម្ពុជា។ ហេតុនេះលោកពិតជារីករាយ ក្នុងការចុះកិច្ចព្រមព្រៀមលើភាពជាដៃគូជាមួយវិសាខា ហើយលោកសង្ឃឹមថា ក្លឹបនឹងសម្រេចបានលទ្ធផលល្អៗបន្ថែមទៀត នៅក្នុងឆ្នាំនេះ និងថ្ងៃអនាគត៕

 

អត្ថបទ៖ បុត្រា

មតិយោបល់