Hun Sen Cup៖ ត្បូងឃ្មុំ ពិបាកការពារជើងឯក ដ្បិតក្រុមចាំអ៊ុតគូប្រជែង

មាស សុផាណារ៉ុង March 6, 2020


 

ភ្នំពេញ៖ លោក ផន រស្មីពេជ្រ គ្រូបង្វឹកក្រុមជម្រើសខេត្តត្បូងឃ្មុំ បានបង្ហាញនូវក្ដីបារម្ភក្នុងការការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០។

គ្រូបង្វឹកជួយឲ្យខេត្តត្បូងឃ្មុំ លើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០១៩ បានបញ្ជាក់ក្រោយកូនក្រុម ប្រកួតស្មើខេត្តព្រៃវែង កាលពីថ្មីៗថា ឆ្នាំនេះ មានក្រុមខ្លាំងៗ និងគូប្រជែងច្រើន ពិសេសក្នុងពូលខ្លួនមានខេត្តព្រៃវែង និងពូលផ្សេងៗ ដូចជាខេត្តសៀមរាមជាដើម។ ហេតុនេះលោកថា ឱកាសការពារជើងឯក គឺពិបាក។

លោក ផន រស្មីពេជ្រ បន្ដថា៖ «ការប្រជែងពាន Hun Sen Cup ថ្នាក់ខេត្តឆ្នាំនេះ ពិតជាពិបាក ព្រោះខេត្តព្រៃវែង សប្បូរកីឡាករវ័យក្មេង និងល្អ ហើយហ្វឹកហាត់បានពេញលេញជាងយើង។ រីឯសៀមរាប ក៏មានកីឡាករក្មេងល្អ និងល្អៗ ដែរ។ ម្យ៉ាងឆ្នាំនេះ ក្រុមយើងមានការផ្លាស់ប្ដូរសមាសភាពកីឡាករច្រើន។ អញ្ចឹងពួកយើងពិតជាពិបាកប្រកួតប្រជែង។»

យ៉ាងណាមិញពេលនេះ ខេត្តត្បូងឃ្មុំ បានធានាកៅអីឡើវគ្គ ៨ក្រុមចុងក្រោយហើយ និងកំពុងរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរបស់គូប្រជែង គឺខេត្តព្រៃវែង ដែលត្រូវជួបខេត្តរតនគិរី នាសប្ដាហ៍ក្រោយ ដើម្បីបានដឹងពីជោគវាសនាក្រុមខ្លួន បានឡើងវគ្គបន្ដ ក្នុងនាមជាក្រុមលេខ១ ប្រចាំពូល ឬនាមជាក្រុមលេខ ២ល្អ ដែលមានដល់តៅ ៨ពិន្ទុក្នុងដៃ។

បច្ចុប្បន្នត្បូងឃ្មុំ មាន ៨ពិន្ទុឈរកំពូលតារាង តែអស់ការប្រកួតហើយ ផ្ទុយពីខេត្តព្រៃវែង មាន ៥ពិន្ទុ តែសល់ ១ប្រកួតទៀត ស្របពេលរូបមន្ដប្រកួតឆ្នាំនេះ ក្រុមមានឈរកំពូលតារាង និងបានឡើងវគ្គបន្ដ ខណៈក្រុមលេខ២ ត្រូវចាំអ៊ុតការជ្រើសរើសក្រុមលេខ ២ ល្អជាងគេ ៣ក្រុមឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៩ កន្លងទៅ ខេត្តត្បូងឃ្មុំ គឺជាក្រុមការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត គ្រាដែលឆ្នាំកន្លងទៅ បានយកឈ្នះ ខេត្តសៀមរាប ២ទល់១ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ ៤ ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ ពានសម្តេច (ថ្នាក់ខេត្ត)

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់