សឿត បារាំង «Privat គឺជាខ្សែប្រយុទ្ធល្អជាងគេក្នុងលីគកំពូលកម្ពុជា»

មាស សុផាណារ៉ុង March 6, 2020


 

ភ្នំពេញ៖ ខ្សែការពារស្លាបឆ្វេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន សឿត បារាំង បានចាត់ទុកខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Privat Mbarga ជាខ្សែប្រយុទ្ធល្អជាងគេក្នុងលីគកំពូលកម្ពុជា ខណៈដែលក្រុមទាំងសងខាងនឹងត្រូវប្រឈមមុខគ្នា នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។

ក្រុមរហស្សនាមសឹង្ហក្រហម នឹងស្វាគមន៍ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) នាថ្ងៃអាទិត្យនេះ គ្រាដែលក្រុមទាំងពីរ សុទ្ធតែចាប់ផ្តើមបានយ៉ាងល្អឥតខ្ចោះ នៅដើមរដូវកាលនេះ បន្ទាប់ពីទទួលបាន ៩ពិន្ទុ ពីការប្រកួត ៣លើកដំបូងរបស់ពួកគេ។

យ៉ាងណាមិញ សឿត បារាំង ដាក់គោលដៅយក ៣ពិន្ទុ ពីក្រុមមកពីខេត្តស្វាយរៀងមួយនេះ ខណៈដែលរូបគេពន្យល់ថាការប្រឈមមុខនឹង Privat គឺជាឱកាសដ៏ល្អក្នុងការសាកល្បងខ្លួនឯង។

ខ្សែការពារស្លាបឆ្វេងរបស់ក្រុមសឹង្ហក្រហម បានប្រាប់សារព័ត៌មាន camsports.org ថា៖ «Privat គឺជាខ្សែប្រយុទ្ធឆ្នើមជាងគេនៅក្នុងលីគ ហើយរូបគេមានអ្វីគ្រប់យ៉ាង។ ការញ្ញាក់, ការបញ្ចប់ទី, ល្បឿន ថាមពល និងកលល្បិចរបស់គាត់គឺអស្ចារ្យណាស់ ដូច្នេះគាត់គឺជាខ្សែប្រយុទ្ធដែលមានលក្ខណៈពេញលេញ។»

«សម្រាប់ខ្ញុំ វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការប្រឈមមុខជាមួយនឹងខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់។ ខ្ញុំត្រូវខិតខំហ្វឹកហាត់ និងរកវិធីដើម្បីបញ្ឈប់គាត់ ប៉ុន្តែអ្វីដែលសំខាន់គឺការការពារជាក្រុមរបស់យើង។ ខ្ញុំត្រូវបញ្ឈប់គាត់ ដូច្នេះប្រសិនបើខ្ញុំអាចធ្វើបាន វានឹងក្លាយជាជោគជ័យដ៏អស្ចារ្យសម្រាប់ខ្ញុំ។» បារាំង បានសង្កត់ធ្ងន់។

សូមបញ្ជាក់ផងដែរថា ជំនួបដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ រវាងមិនទាន់ស្គាល់ពាក្យថាចាញ់ ឬស្មើដូចគ្នាមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣:៣០នាទីរសៀល នាកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN )  ខណៈដែលការប្រកួតក៏នឹងមានផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ​BTV News ផងដែរ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់