ការប្រកួតជម្រុះ World Cup 2022 ត្រូវលើកទៅប្រកួតខែតុលា និងខែវិច្ឆិកា ក្រោយករណីរីករាលដាល COVID-19

មាស សុផាណារ៉ុង March 5, 2020


 

គួឡាឡាំពួរ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានពន្យារពេលជាផ្លូវការនៃការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ឆ្នាំ២០២២ ដោយសាររីករាលដាលនៃការផ្ទុះវីរុស COVID-19។ នេះបើតាមការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ( PSSI ) នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នេះ។

ការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីដដែលបានបញ្ជាក់ថា ការប្រកួតដែលគ្រោងនឹងធ្វើនៅខែមីនានឹងត្រូវបានប្តូរទៅប្រកួតនៅខែតុលា និងការប្រកួតខែមិថុនាត្រូវលើកទៅប្រកួតនៅខែវិច្ឆិកាចុងឆ្នាំនេះវិញ។

ការសម្រេចចិត្តនេះត្រូវបានពន្យារពេលបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានបើកកិច្ចប្រជុំបន្ទាន់មួយ​ជាមួយតំណាងនៃបណ្តាប្រទេសនៅតំបន់អាស៊ីបូព៌ា​ និងអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួ កាលពីថ្ងៃចន្ទកន្លងមកថ្មីៗនេះ។ បន្ទាប់មក AFC បានផ្ញើលិខិតលទ្ធផលនៃកិច្ចប្រជុំបន្ទាន់មួយដែលមានចុះហត្ថលេខាដោយអគ្គលេខាធិការ AFC លោក Dato Windsor Windsor John ទៅកាន់សមាជិកមួយចំនួន។

ដូច្នេះប្រកួតដែលកម្ពុជា ត្រូវជួបជាមួយក្រុមជម្រើសជាតិបារ៉ែន នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះនឹងត្រូវលើកទៅថ្ងៃទី០៨ ខែតុលា ចំណែកការប្រកួតដែលកម្ពុជាត្រូវទទួលអ៊ីរ៉ង់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក៏នឹងលើកទៅប្រកួតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ខណៈប្រកួតចុងក្រោយរបស់កម្ពុជា ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ត្រូវលើកទៅប្រកួតនៅថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០២០វិញដែរ។

សូមបញ្ជាក់ថា វីរុស COVID-19 ដែលមានឈ្មោះដើមថា វីរុសកូរ៉ូណា បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន ខណៈការប្រកួតបាល់ទាត់មួយចំនួនធំនៅជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលដើម្បីបង្ការការរីករាលដាលនៃវីរុសខាងផ្លូវដង្ហើមដ៏អាក្រក់នេះ៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី – pssi.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់