ភ្នំពេញក្រោន ប៉ះស្វាយរៀង ប្ដូរម៉ោងប្រកួត មូលហេតុដោយសារបញ្ហាប្រព័ន្ធភ្លើង

មាស សុផាណារ៉ុង March 5, 2020


 

ភ្នំពេញ៖ ការប្រកួតដ៏ទាក់ទាញប្រចាំសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា រវាងក្លឹបភ្នំពេញក្រោន និងក្លឹបព្រះខ័នរាជស្វាយរៀង បានផ្លាស់ប្ដូរម៉ោងប្រកួតហើយ ដោយប្ដូរពីម៉ោង ៦ល្ងាច មកប្រកួតម៉ោង ៣៖៣០នាទីរសៀល នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នៅកីឡដ្ឋាន Smart RSN។

តាមការបញ្ជាក់របស់អតីតក្លឹបជើងឯក ៦សម័យកាលនេះ បានឲ្យដឹងថា ការផ្លាស់ប្ដូរម៉ោងប្រកួតនេះ មូលហេតុដោយសារបញ្ហាប្រព័ន្ធភ្លើង និងអំពូលភ្លើង នៃកីឡដ្ឋាន Smart RSN។ ចំពោះការជូនដំណឹងយឺតយ៉ាវវិញ ក្លឹបបញ្ជាក់ថា ព្រោះក្លឹបរង់ចាំលិខិតបញ្ចាក់ច្បាស់លាស់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ហើយក្លឹបក៏បានសុំការអធ្យាស្រ័យពីអ្នកគាំទ្រផងដែរ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួត Big Match ប្រចាំសប្ដាហ៍នេះវិញ មានអ្នកគាំទ្រជាច្រើន ពិសេសអ្នកគាំទ្រទាំងពីរ បាននឹងកំពុងផ្ទុះការចាប់អារម្មណ៍ ដ្បិតក្រុមទាំងពីរ សុទ្ធតែជាក្រុម មិនទាន់ស្គាល់ចាញ់ដូចគ្នា ក្នុងការប្រកួតបើករដូវកាល ៣ប្រកួតដំបូង ។ ចំពោះគ្រូបង្វឹកលោក ស៊ុំ វណ្ណា និងលោក Conor Nestor ក៏សុទ្ធតែបង្ហាញនូវការជឿជាក់ ក្នុងការដណ្ដើមលទ្ធផលល្អ ក្នុងការប្រកួតដ៏សំខាន់នេះដែរ។

គួរបញ្ជាក់ថា សំបុត្រទស្សនាការប្រកួតដ៏កក្រើកកីឡដ្ឋាន Smart RSN ពេលនេះ ភ្នំពេញក្រោន បានប្រកាសលក់ហើយ គឺមានតម្លៃ ៨,០០០រៀល និងតម្លៃ ៥,០០០រៀល។ ប៉ុន្ដែដោយការប្រកួតនេះ ចំថ្ងៃទិវានារីអន្ដរជាតិ ៨-មីនា ក្លឹបក៏មានលក់សំបុត្រទិញ ១ ថែម ១ សម្រាប់នារីៗ ព្រមទាំងថែមជូនម៉ាស សម្រាប់អ្នកគាំទ្រ ៥០០នាក់ដំបូង ដើម្បីអបអរថ្ងៃពិសេសនេះទៀតផង៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់