កម្ពុជាគាំទ្រចំណាត់ការ AFC ក្នុងការពិន័យកីឡាករឡាវ ២រូប លើករណីកំណត់លទ្ធផលទុកមុន

នូ មករា March 4, 2020


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នៅព្រឹកថ្ងៃទី០៤ ខែមីនានេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ក្នុងការគាំទ្រចំណាត់ការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដែលបានដាក់ពិន័យកីឡាករជម្រើសជាតិឡាវ ២រូប គឺកីឡាករ Khampheng Sayavutthi និង Lembo Saysana មិនឲ្យធ្វើសកម្មភាពបាល់ទាត់អស់មួយជីវិត ក្រោយរកឃើញអ្នកទាំងពីរ ជាប់ពាក់ព័ន្ធករណីកំណត់លទ្ធផលទុកមុន។

FFC បានប្រកាសលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមបង្ហាញជំហរក្នុងការគាំទ្រចំណាត់ការរបស់ AFC ស្ដីពីការដាក់ពិន័យដល់កីឡាករ ២រូប ដែលពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកជាមុន…។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រយុទ្ធប្រឆាំងដាច់ខាត ចំពោះអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ដោយការកំណត់លទ្ធផលប្រកួតទុកជាមុន ។ ដោយយោងសេចក្តីប្រកាសព័ត៌មានរបស់ AFC ស្តីពីការដាក់ពិន័យដល់កីឡាករនៅក្នុងប្រទេសឡាវ ២រូប ដែលពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកជាមុន» ។

សេចក្ដីប្រកាសគាំទ្ររបស់ភាគីកម្ពុជានេះ គឺក្រោយពេល AFC បានចុះផ្សាយអំពីការដាក់ពិន័យកីឡាករឡាវ ២រូបខាងលើ ក្រោយរកឃើញពួកគេបានប្រព្រឹត្តកំហុសមិនអាចលើកលែងក្នុងលីគ ដោយការឃុបឃិតគ្នាក្នុងការរៀបចំលទ្ធផលទុកមុន ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិឡាវ និងហុងកុង កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ស្របពេលលទ្ធផលកាលនោះ ឡាវ ចាញ់ហុងកុង ៤-០ ។

ករណីខាងលើ គឺផ្ទុយពីមាត្រា ៦៦.១ នៃក្រមវិន័យ និងក្រមសីលធម៌របស់ AFC ដែលបង្ខំឲ្យគណៈកម្មាធិការវិន័យ និងក្រមសីលធម៌ នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី សម្រេចចាត់វិធានការម៉ឺងម៉ាត់ ក្នុងការដាក់ពិន័យសមាជិកក្រុមជម្រើសជាតិឡាវទាំង ២រូប(Khampheng Sayavutthi និង Lembo Saysana) មិនឲ្យចូលរួមសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតតែម្ដង ។

គួរបញ្ជាក់ថា កីឡាករ Khampheng មានវ័យ៣៣ឆ្នាំ បានលេងឲ្យក្លិប Rangsit United F.C នៃលីគលំដាប់ទី៤ របស់ថៃ ហើយ Lembo មានវ័យ ២៥ឆ្នាំ គឺជាសមាជិកក្រុម Electricite du Laos លីគកំពូលឡាវ ៕

មតិយោបល់