អ៊ន ចាន់ប៉ូលីន ថាតំបន់ប្រយុទ្ធរបស់ភ្នំពេញក្រោន នៅមានរឿងជាច្រើនទៀតដែលត្រូវកែលម្អ

មាស សុផាណារ៉ុង March 4, 2020


 

ភ្នំពេញ៖ ភ្នំពេញក្រោន កំពុងទទួលការចាប់អារម្មណ៍នៃការចាប់ផ្តើមរដូវកាលថ្មី ខណៈពួកគេប្រមូលបាន ៩ពិន្ទុពីការប្រកួត ៣លើកដំបូង និងរកបាន ១៦ គ្រាប់ ប៉ុន្តែកីឡាករ អ៊ន ចាន់ប៉ូលីន ទទូចថាមានរឿងរ៉ាវជាច្រើនទៀតដើម្បីឲ្យក្រុមកាន់តែមានភាពប្រសើរឡើងក្នុងប្រយុទ្ធរបស់ក្រុមខ្លួន។

ទោះបីរកគ្រាប់បាល់មិនតិចជាង ៣គ្រាប់ក្នុង ៣ប្រកួតជាប់ៗគ្នាក៏ដោយ ក៏ក្រុមមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ មួយនេះបានខកខានឱកាសល្អជាច្រើន ដូច្នេះខ្សែបម្រើជម្រើសជាតិកម្ពុជារូបនេះ ចង់ឲ្យតំបន់ប្រយុទ្ធរបស់ក្រុមរហស្សនាមសឹង្ហក្រហម កាន់តែមានប្រសិទ្ធភាពជាងនេះ។

ប្រធានក្រុមភ្នំពេញក្រោន សរសើរការការពាររបស់ក្រុមខ្លួនព្រោះពួកគេគឺជាក្រុមតែមួយគត់ដែលមិនទាន់របូតគ្រាប់បាល់បញ្ចូលទី រហូតមកដល់ពេលនេះ នៅក្នុងយុទ្ធនាការលីគកំពូលកម្ពុជា។

អ៊ន ចាន់ប៉ូលីន បានប្រាប់សារព័ត៌មាន camsports.org ថា៖ «វាគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់យើង ហើយខ្ញុំពិតជារីករាយចំពោះកំណត់ត្រានេះ។ ទោះបីយើងរកបានគ្រាប់បាល់ច្រើនក្នុង ៣ប្រកួត យើងត្រូវមើលឱកាសរបស់យើងក្នុងពេលប្រកួត។ យើងមានឱកាសច្រើន ប៉ុន្តែយើងមិនអាចបញ្ចប់ទីបានល្អទេ។»

«យើងមិនទាន់បានលេងជាមួយក្រុមខ្លាំងៗនៅឡើយទេ ដូច្នេះយើងមិនអាចនិយាយថាតំបន់ប្រយុទ្ធរបស់យើង គឺល្អគ្រប់គ្រាន់នៅឡើយនោះទេ។ យើងត្រូវកែលម្អបន្ថែមទៀត។ ជាការពិតណាស់ ការការពាររបស់យើងពេលនេះគឺមានភាពប្រសើរឡើង មិនមែនដោយសារអ្នកការពារតែម្នាក់ឯងនោះទេ ប៉ុន្តែក្រុមនេះបានធ្វើវាយ៉ាងល្អដូចដែលយើងការពារជាមួយគ្នា និងប្រយុទ្ធជាមួយគ្នា។» ម្ចាស់អាវលេខ៨ ទាំងក្នុងក្លឹប និងក្នុងជម្រើសជាតិកម្ពុជា ដដែលរូបនេះបន្ថែម។

ប៉ូលីន បានសង្កត់ធ្ងន់ទៀតថា៖ «វាគ្រាន់តែជាការចាប់ផ្តើមនៃលីគប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងទម្រង់លេងនាពេលបច្ចុប្បន្ន ខ្ញុំគិតថាយើងអាចក្លាយជាក្រុមប្រជែងជើងឯកនៅរដូវកាលនេះ ហើយគោលដៅរបស់យើងគឺដើម្បីក្លាយជាម្ចាស់ជើងឯក។»

បញ្ជាក់ថា នៅចុងសប្ដាហ៍នេះ ភ្នំពេញក្រោន នឹងត្រូវស្វាគមន៍ ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ដែលនេះគឺជាឱកាសមួយសម្រាប់ពួកគេដើម្បីបង្ហាញថាមានសមត្ថភាពក្នុងការប្រជែងជើងឯកលីគរដូវកាលនេះ ឬយ៉ាងណា បន្ទាប់ពីខកខានលើកពាន ៤រដូវជាប់ៗគ្នា៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់