ស៊ូ យ៉ាទី៖ ស្មើបឹងកេត ធ្វើឲ្យណាហ្គាវើលដ៏ កាន់តែមានទឹកចិត្តប្រជែងជើងឯក

មាស សុផាណារ៉ុង March 4, 2020


 

ភ្នំពេញ៖ អ្នកចាំទីចាស់វស្សា ស៊ូ យ៉ាទី បានចាត់ទុកលទ្ធផលស្មើគ្នា ជាមួយក្រុមខ្លាំងបឹងកេត កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាផលវិជ្ជមានមួយ ដែលជំរុញឲ្យក្រុមណាហ្គាវើលដ៏ កាន់តែមានទំនុកចិត្តក្នុងការប្រជែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០។

យ៉ាទី និយាយថា៖ «បច្ចុប្បន្នក្រុមណាហ្គាវើលដ៏របស់ពួកខ្ញុំ គឺមានការរៀបចំបានល្អ ជាក់ស្ដែង ២ប្រកួតដំបូង ទោះបីឈ្នះ ១ និងស្មើ ១ តែមិនអន់នោះទេ ព្រោះយើងប៉ះសុទ្ធតែក្រុមខ្លាំង ។ និយាយពីស្មើក្រុមខ្លាំងបឹងកេត គឺជាផលវិជ្ជមានមួយ ដែលជំរុញទឹកចិត្តឲ្យពួកយើងកាន់តែខំប្រឹង ដើម្បីឆ្ពោះទៅប្រជែងជើងឯកជាថ្មី ព្រោះយើងនៅតែមានឱកាសអញ្ចឹង។»

អ្នកចាំទីមានបទពិសោធន៍ជោគជាំលើទីលានរូបនេះ បន្ដថា៖ «គោលដៅរបស់ខ្ញុំ ខ្ញុំចង់ជួយក្លឹបគ្រងជើងឯកជាថ្មី រួមទាំងការព្យាយាមហ្វឹកហាត់ខ្លួនឯងឲ្យបានខ្លាំងជាងមុន ព្រោះឥលូវកីឡាករទាំងអស់ មានការប្រកួតប្រជែងខ្លាំង ចឹងយើងមិនអាចបណ្ដោយខ្លួនបានទេ យើងត្រូវខំប្រឹង។» យ៉ាងណាមិញ យ៉ាទី ក៏មិនមើលរំលងក្រុមខ្លាំងៗ ដែលមានការរៀបចំបានល្អនោះដែរ គ្រាន់តែគេមានទំនុកចិត្តខ្ពស់លើការរៀបចំ និងឆន្ទៈរបស់មិត្តរួមក្រុមប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ណាហ្គាវើលដ៏ ទើបឆ្លងកាត់បាន ២ប្រកួតប៉ុណ្ណោះ ដោយឈ្នះក្រុមនគរបាលជាតិ ២-១ មុនស្មើក្រុមបឹងកេត ១-១ ។ ចំពោះប្រកួតបន្ទាប់ ក្រុមដឹកនាំដោយលោក មាស ចាន់ណា នេះ នឹងបន្ដជួបក្រុមសូលទីឡូអង្គរ នាថ្ងៃទី០៧ ខែមីនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕

 

រូបភាព៖ Nagaworld FCTV

អត្ថបទ៖ បុត្រា

មតិយោបល់