ម៉ាត់ នូរុណ ត្រូវសម្រាក ២សប្ដាហ៍ ក្រោយប៉ះទង្គិចជាមួយកីឡាករណាហ្គាវើលដ៍ ថ្ងៃមុន

មាស សុផាណារ៉ុង March 3, 2020


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធស្នូលរបស់ក្រុមបឹងកេត ម៉ាត់ នូរុណ នឹងត្រូវសម្រាករយៈពេល ២សប្ដាហ៍ ដើម្បីព្យាបាលរបួសសន្លាក់ជង្គង់ឆ្វេង ដែលបានប៉ះទង្គិចគ្នាជាមួយកីឡាករណាហ្គាវើលដ៏ អំឡុងការប្រកួតសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ។

តាមការបញ្ជាក់របស់ក្លឹបកំពុងឈរលេខ៥ បានឲ្យដឹងថា ក្រោយបង្ខំប្ដូរចេញ ក្នុងជំនួបទល់ណាហ្គាវើលដ៏ ក្រុមពេទ្យបានអះអាងថា ម៉ាត់ នូរុណ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែឈឺសន្លាក់ជង្គង់ឆ្វេងប៉ុណ្ណោះ ហើយរបួសនេះ គឺត្រូវការសម្រាក ២សប្ដាហ៍ ទើបអាចត្រឡប់មកជួយមិត្តរួមក្រុមបានវិញ។

ជុំវិញបញ្ហាឈឺសន្លាក់ជង្គង់នេះដែរ អតីតសមាជិកក្រុមអគ្គិសនីកម្ពុជារូបនេះ បានសម្ដែងការសោកស្ដាយ ដែលមិនអាចជួយមិត្តរួមក្រុម និងដណ្ដើមបានជ័យជម្នះ ក្នុងការប្រកួតជាមួយណាហ្គាវើលដ៏។ ប៉ុន្ដែរូបគេបានប្ដេជ្ញានឹងព្យាយាមហ្វឹកហាត់ ដើម្បីជាសះស្បើយ និងជួយក្រុមបានវិញ ខណៈការប្រកួតនៅសល់វែងឆ្ងាយទៀត។

សម្រាប់ ៣ប្រកួតបើករដូវកាលថ្មីនេះ ម៉ាត់ នូរុណ ត្រូវបានលោក Apisit Im Amphai បានដាក់រូបគេឲ្យលេងក្នុងជម្រើស ១១នាក់ដំបូង ហើយរកបាន ១គ្រាប់ កាលពីប្រកួតស្មើម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ ហើយបានបង្ហាញខ្លួនពេញ ៩០នាទី ក្នុងជំនួបបឹងកេត ឈ្នះវិសាខា ១-០ ក្នុងដី កាលពីសប្ដាហ៍ទី១ ទៀតផង។

គួរបញ្ជាក់ថា ម៉ាត់ នូរុណ កាលពីរដូវកាលកន្លងទៅចាប់តាំងពីបានផ្ទេរ ពីអគ្គិសនីកម្ពុជា មកចូលរួមជាមួយ បឹងកេត ក៏បានជួបនូវបញ្ហារបួសផងដែរ និងធ្ងន់ធ្ងរជាងនេះ ពោលគឺជង្គង់ដូចគ្នា ដោយរហូតឈានទៅដល់ការវះកាត់ នឹងសម្រាកពេញមួយរដូវកាល២០១៩ ទើបតែត្រលប់មករកចូលទីលានវិញ កាលពីចុងឆ្នាំ២០១៩។

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់