ក្រសួងការងារ ប្រឹងអស់ ២ខែជាង ទើបលើកពាន មិត្តភាពអន្ដរក្រសួង-ស្ថាប័ន បានសម្រេច

មាស សុផាណារ៉ុង March 3, 2020


 

ភ្នំពេញ៖ បន្ទាប់ពីធ្វើការប្រកួតប្រជែងអស់រយៈពេល ២ខែជាងរួចមក ពោលគឺចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩ រហូតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ក្រុមកីឡាបាល់ទាត់របស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្លាយជាជើងឯកពានរង្វាន់មិត្តភាព យុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៧ បានសម្រេចក្រោយយកឈ្នះ ក្រុមក្រសួងសុខាភិបាល ដោយលទ្ធផល ៥ទល់៣ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅទីលាន Premium Sport Club។

ក្នុងពិធីបិទការប្រកួត និងប្រគល់រង្វាន់ជយលាភី មាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកផ្ដួចផ្ដើមបង្កើតពាននេះឡើង បានថ្លែងថា៖ «ក្នុងបុព្វហេតុ និងបេសកកម្មរបស់ខ្លួន ស.ស.យ.ក. បានផ្តួចផ្តើម និងរៀបចំកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍នានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវឌ្ឍនភាពកម្ពុជា។ ជាក់ស្តែងព្រឹត្តិការណ៍នៃការប្រកួតនៅថ្ងៃនេះ ជាវេទិកាសម្រាប់សាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងចំណោមយុវជន ជាមន្ត្រីរាជការដែលមកពីស្ថាប័ន និងវិជ្ជាជីវៈផ្សេងៗគ្នា។»

លោកបន្តថា៖ «ដ្បិតថាយើងទាំងអស់គ្នា មកពីទីតាំង និងក្តីសុបិនផ្សេងៗគ្នា តែយើងត្រូវចងចាំថាយើងរស់នៅក្នុងសង្គមតែមួយរួមគ្នា និងអនាគតតែមួយរួមគ្នា។»

គួបញ្ជាក់ផងដែរថា៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបានបញ្ចប់ដោយតានតឹងបំផុត ដោយវគ្គទី១ ក្រសួងសុខាភិបាលបាននាំមុខ ២-១ មុន តែត្រូវក្រុមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វាយបកតាមស្មើ ៣-៣ នៅវគ្គទី២។ បន្ទាប់មកអាជ្ញាកណ្ដាល ក៏សម្រេចបន្ថែមម៉ោង ១០នាទី ២ដង ដើម្បីទាត់កាត់សេចក្ដី ហើយក្រុមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ថែម ២គ្រាប់ទៀត ដើម្បីគ្រងតំណែងជើងឯកជាលើកទី៣ តែម្ដង៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់