Thiago Dos Santos មានទំនុកចិត្តថាព្រះខ័នរាជស្វាយរៀង នឹងអាចការពារតំណែងជើងឯកលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង March 3, 2020


 

ស្វាយរៀង៖ កីឡាករចំណូលថ្មីរបស់ព្រះខ័នរាជស្វាយរៀង Thiago Dos Santos មានទំនុកចិត្តថាក្រុមតំណាងខេត្តស្វាយរៀង មានអ្វីគ្រប់យ៉ាងដើម្បីការពារតំណែងជើងឯកពានរង្វាន់លីគកំពូលកម្ពុជា របស់ពួកគេនៅរដូវកាលនេះ។

ក្រុមរបស់ លោក Conor Nestor កំពុងចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ ១០០ភាគរយ បន្ទាប់ពីពួកគេបានឈ្នះ ៣ប្រកួតជាប់ៗគ្នា  ពីការប្រកួត ៣សប្ដាហ៍ដំបូង ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាងចំណាត់ថ្នាក់លីគ។

ខ្សែបម្រើរូបនេះរីករាយ ចំពោះរបៀបដែលរូបគេជួយក្រុមជើងឯកលីគកំពូលកម្ពុជា ២សម័យកាលមួយនេះ បន្ទាប់ពីការមកដល់របស់គេ ខណៈដែលរូបគេក៏ជឿជាក់ផងដែរថាបទពិសោធន៍របស់ខ្លួននៅក្នុងប្រទេសថៃ និងកូរ៉េ បានជួយគាត់ក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័សជាមួយ ព្រះខ័នរាជស្វាយរៀង។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «បាទ! ខ្ញុំគិតថាយើងមានក្រុមដ៏អស្ចារ្យ គ្រូបង្វឹកឆ្លាតវៃ និងបុគ្គលិកដែលខិតខំធ្វើការ គាំទ្រដល់កីឡាករ។ នោះហើយជាមូលហេតុដែលខ្ញុំគិតថាយើងមានសមត្ថភាពពេញលេញក្នុងការក្លាយជាម្ចាស់ជើងឯកម្តងទៀត។»

«យើងស្ថិតនៅក្នុងស្ថានភាព ១០០ភាគរយនៅក្នុងការប្រកួត ប៉ុន្តែវាមិនងាយស្រួលនោះទេ ក្រុមទាំងអស់ចង់ឈ្នះយើង ពីព្រោះយើងជាម្ចាស់ជើងឯកកាលពីឆ្នាំមុន។ យើងមានទស្សនៈថា យើងគឺជាក្រុមដែលត្រូវផ្តួលនៅរដូវកាលនេះ។ ខ្ញុំគិតថាការបន្ទាបខ្លួន ការយកចិត្តទុកដាក់ និងការខិតខំ គឺជាកត្តាចម្បងដើម្បីឈានដល់គោលដៅរបស់យើង។» Thiago បានបន្ត។

កីឡាករវ័យ ៣២ឆ្នាំដដែលរូបនេះបន្ថែំទៀតថា៖ «ខ្ញុំគិតថាក្រុមរបស់ខ្ញុំបានផ្តល់ការគាំទ្រដ៏ចាំបាច់ដល់ខ្ញុំ សម្រាប់ការសម្របខ្លួនយ៉ាងរហ័សនៅទីនេះ ហើយគ្រូបង្វឹកពិតជាសំខាន់ខ្លាំងណាស់ព្រោះគាត់ស្គាល់កីឡាករ និងដឹងពីរបៀបលេងរបស់កីឡាករ។ សម្រាប់ខ្ញុំ ខ្ញុំទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សគ្រប់គ្នានៅទីនេះ។»

និយាយអំពីបទពិសោធន៍ក្រៅពីលីគកំពូលកម្ពុជា Thiago បានបង្ហើបថា៖ «ខ្ញុំបានប្រើពេល ៣ឆ្នាំលេងនៅប្រទេសថៃ និងមួយឆ្នាំនៅប្រទេសកូរ៉េ ដូច្នេះខ្ញុំតែងតែត្រៀមខ្លួនសម្រាប់ការលំបាក និងការប្រកួតប្រជែង។ ខ្ញុំគិតថាភាពខុសគ្នានៅទីនេះគឺថាការប្រកួតកាន់តែខ្លាំងក្លា លឿន និងពិបាកជាងនៅថៃ។ ខ្ញុំគិតថាកម្ពុជា និងកូរ៉េ មានស្ទីលស្រដៀងគ្នា ដូច្នេះខ្ញុំគិតថាបទពិសោធន៍របស់ខ្ញុំ ក៏ជួយខ្ញុំសម្របខ្លួននៅទីនេះដែរ។»

«ជំហររលេងបស់ខ្ញុំគឺគាំទ្រការការពារ និងការប្រយុទ្ធ ដូច្នេះខ្ញុំត្រូវដឹងពីរបៀបនៃការធ្វើមុខងារទាំងពីរនេះ។ សូមអរគុណដល់ព្រះជាម្ចាស់ – ខ្ញុំបានជួយដៃគូខ្ញុំ ប៉ុន្តែខ្ញុំនៅតែត្រូវកែលំអបន្ថែមទៀត។» Thiago Dos Santos សង្គត់ធ្ងន់៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់