ហ៊ុល គឹមហ៊ុយ យល់ឃើញថាសមត្ថភាពខ្លួនកើនឡើងជាងមុន ក្រោយបង្ហាញខ្លួនញឹកញាប់នៅរដូវកាលនេះ

មាស សុផាណារ៉ុង March 3, 2020


 

ភ្នំពេញ៖ អ្នកចាំទី របស់​​ក្លឹប​បាល់ទាត់​បឹងកេត កីឡាករ ហ៊ុល គឹមហ៊ុយ បានសម្ដែងការយល់ឃើញអំពីសមត្ថភាពរារាំងគ្រាប់បាល់របស់ខ្លួន ហាក់មានការកើនឡើង នៅឆ្នាំ២០២០ ពោលគឺក្រោយបង្ហាញខ្លួនជារឿយៗជាមួយក្លឹបមានមូលដ្ឋាននៅតំបន់បឹងស្នោរ រួចមក។

ចាប់តាំងពីបើករដូវកាល២០២០ នៃលីគកំពូលកកម្ពុជាមក កីឡាករ ហ៊ុល គឹមហ៊ុយ បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងជាមួយបឹងកេត ៣សប្ដាហ៍ជាប់គ្នា ខណៈបើក្រឡេកមកមើលស្ថិតិវិញ ទាំង ៣ប្រកួតសុទ្ធតែជាការប្រកួតប៉ះក្រុមខ្លាំងៗក្នុងលីគ ដែលលរួមមានសប្ដាហ៍ដំបូងជួប អង្គរថាយហ្គឺរ ( ស្មើ ១-១ ) សប្ដាហ៍ទី២ ជួប វិសាខា ( ឈ្នះ ១-០ ) និងសប្ដាហ៍ទី៣ ថ្មីៗនេះ ជួបណាហ្គាវើលដ៍ ( ស្មើ ១-១ ) គ្រាដែលរូបគេក៏មានចំណែកធំផងដែរក្នុងការជួយក្រុម តាមរយៈការសង្គ្រោះបាល់គ្រោះថ្នាក់មួយចំនួន។

នៅពេលសុំឲ្យមានយោបល់អំពីសមត្ថភាពរបស់ខ្លួននៅរដូវកាល២០២០ នេះ ថាតើមានការកើនឡើងកម្រិតណា? សមាជិកក្រុមជម្រើសជាតិកម្ពុជា ផងដែររូបនេះ បានឆ្លើយតបថា៖ «ចំពោះ​សមត្ថភាព​វិញ ខ្ញុំ​យល់​ថា​​​ មាន​ការ​​កើន​​​ឡើង​ខ្ពស់ ដោយសារ​យើងបាន​លេង​ជាមួយ​ក្រុម​ធំៗ ហើយនៅ​ពេល​ដែលយើង​ជា​ជម្រើស​ ១១​នាក់​អ៊ីចឹង ធ្វើឲ្យយើង​មាន​ទឹកចិត្តក្នុងការ​ហ្វឹកហាត់​ខ្លាំង ដើម្បី​កុំ​ឲ្យ​លេង​ទៅ​អត់​កើត។​ ដូចយើងស្រាប់ហើយ ​រដូវ​កាល​មុន ខ្ញុំ​អត់​សូវ​បាន​លេងទេ អ៊ីចឹងចូល​មក​រដូវ​កាល​ថ្មី ធ្វើម៉េច​យក​ចិត្ត​ទុកដាក់​​ខ្លាំង​ ដើម្បី​ឲ្យគ្រូគាត់​ពេញចិត្ត ហើយធ្វើម៉េចដើម្បីឲ្យការ​លេង​បាន​ល្អ»។

សម្រាប់ការរួមចំណែករបស់ គឹមហ៊ុយ បានធ្វើឲ្យ បឹងកេត បច្ចុប្បន្នឈរនៅលេខ៥ នៃតារាងចំណាត់ថ្នាក់លីគ សប្ដាហ៍ទី៣ ក្រោយប្រកួត ៣ដង ឈ្នះ១ និងស្មើ២ មិនដែលចាញ់ មាន ៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងភ្នំពេញក្រោន ៤ពិន្ទុ គ្រាដែលការប្រកួតនៅសល់ ២១សប្ដាហ៍ទៀតទើបបញ្ចប់។

ត្រលប់មក ហ៊ុល គឹមហ៊ុយ សារជាថ្មី កាលពីដើមឆ្នាំ២០១៩ កន្លងទៅ រូបគេធ្លាប់បានបង្ហើបខ្វះខាត ២ចំណុចទៀតដែលត្រូវពង្រឹងបន្ថែម ពោលគឺ ត្រង់ភាពរហ័សរហួន ហើយនឹងខ្វះខាតកម្លាំងសាច់ដុំ។ នេះបើយោងតាមសម្ដីរបស់ គឹមហ៊ុយ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩។

ហ៊ុល គឹមហ៊ុយ ថាខ្លួនខ្វះខាត ២ចំណុច តែប្ដេជ្ញាខំប្រឹងដើម្បីកៅអី U23

បញ្ជាក់ថា ហ៊ុល គឹមហ៊ុយ បានចូលរួមជាមួយបឹងកេត កាលពីខែតុលា ឆ្នាំ២០១៨ ក្រោយផុតកិច្ចសន្យាជាមួយសាលាបាល់ទាត់ជាតិបាទី។ អ្នកចាំទីវ័យក្មេងរូបនេះ ធ្លាប់បានបង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិយុវជនជាច្រើន រហូតកាលពីពាក់កណ្ដាលឆ្នាំ២០១៧ ត្រូវបានលោក Leonardo Vitorino កោះហៅចូលហាត់ជាមួយក្រុមធំ នៃក្រុមជម្រើសជាតិកម្ពុជា ចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ទៀតផង រួចបន្តដល់ក្រោមការដឹកនាំរបស់ លោក Keisuke Honda និង Felix G.Dalmas ដែលជាអ្នកចាត់ការ និងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា នាពេលបច្ចុប្បន្ន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់