តាំង សុភ័ក្ត្រ ចង់ត្រលប់មករកជម្រើស ១១នាក់ដំបូងអង្គរថាយហ្គឺរវិញ ក្រោយរកបាន ២គ្រាប់ក្នុងជ័យជម្នះលើ គីរីវង់ កាលពីចុងសប្ដាហ៍

មាស សុផាណារ៉ុង March 2, 2020


 

សៀមរាប៖ ខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ សង្ឃឹមប្រឹងប្រែងរបស់ខ្លួនក្នុងជំនួបជាមួយគិរីវង់សុខសែនជ័យ កាលពីចុងសប្តាហ៍មុនអាចទាក់ចិត្ត លោក Oriol Segura ឱ្យចាប់ផ្តើមដាក់រូបគេនៅក្នុងជម្រើស ១១នាក់ដំបូងនៃលីគកំពូលកម្ពុជា នាប្រកួតក្រោយៗទៀត។

អង្គរថាយហ្គឺរ នៅមិនទាន់ចាញ់នៅឡើយក្នុងការប្រកួត ៣ប្រកួតដំបូងក្នុងលីគ បន្ទាប់ពីពួកគេបានបន្តយកឈ្នះគីរីវង់សុខសែនជ័យ ២ទល់០ ដោយសារការប្តូរចូលខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ នៅវគ្គទី២ ជំនួស ឡុង ភារ៉ាត់។

ខ្សែបម្រើរូបនេះមានមោទកភាពក្នុងការធ្វើឲ្យមានការផ្លាសប្ដូរដល់ក្រុមរបស់ខ្លួន ខណៈដែលរកបាន ៣ពិន្ទុ ពីក្រុមខេត្តតាកែវ ជួយឱ្យអង្គរថាយហ្គឺ រក្សាចំណាត់លេខ៣ របស់ពួកគេនៅក្នុងតារាងលីគ ដោយមាន ២ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ភ្នំពេញក្រោន។

តាំង សុភ័ក្ត្រ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងធ្វើបានល្អ ហើយខ្ញុំគិតថាយើងទាំងអស់គ្នាធ្វើតាមអ្វីដែលគ្រូបង្វឹកបានណែនាំយើង។ ខ្ញុំពិតជារីករាយក្នុងការរកគ្រាប់បាល់ និងធ្វើឲ្យមានការផ្លាស់ប្ដូរដល់ក្រុម។ ខ្ញុំពិតជារំភើប និងមានមោទនភាពដែលរកបាន ២គ្រាប់សំរាប់ក្រុម និងជួយអោយក្រុមទទួលបាន ៣ពិន្ទុ។ ៣ពិន្ទុនេះក៏សម្រាប់អ្នកគាំទ្ររបស់យើងផងដែរ ព្រោះពួកគេតែងតែលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ខ្ញុំ។»

«គ្រាប់បាល់ទាំង ២គ្រាប់របស់ខ្ញុំ គឺមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ដើម្បីឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងលីកបន្ទាប់ពីការប្រកួត ៣សប្តាហ៍ ហើយយើងរីករាយណាស់ចំពោះ ៣ពិន្ទុ។» សុភ័ក្ត្រ បានបន្ថែម។

តាំង សុភ័ក្ត្រ​ បានបន្តទៀតថា៖ «ខ្ញុំនៅតែមានជំនឿលើខ្លួនឯង ហើយនឹងប្រឹងប្រែងដើម្បីជាប់ជម្រើស ១១នាក់ដំបូងវិញ ខ្ញុំត្រូវតែហ្វឹកហាត់ឲ្យបានខ្លាំងជាងនេះ។ សង្ឃឹមថាការខិតខំរបស់ខ្ញុំអាចទាកចិត្តគ្រូបង្វឹកឲ្យដាក់ខ្ញុំលេងជម្រើស ១១នាក់ដំបូង ហើយខ្ញុំដឹងថាខ្ញុំត្រូវខិតខំបន្ថែមទៀត។»

និយាយអំពីការប្រជែងលីគ សុភ័ក្ត្រ បានសង្គត់ធ្ងន់ថា៖ «អ្នករាល់គ្នានៅក្លឹបរួមទាំងគ្រូបង្វឹក កីឡាករ និងបុគ្គលិកមានជំនឿចិត្តក្នុងការប្រជែងជើងឯកលីគនៅរដូវកាលនេះ ហើយយើងមានការត្រៀមលក្ខណៈបានយ៉ាងល្អ។ យើងហ្វឹកហាត់យ៉ាងខ្លាំង ហើយសម្រាប់ក្លឹបយើងអាចធ្វើអ្វីគ្រប់យ៉ាងចេញពីបេះដូងរបស់យើង។»

សូមបញ្ជាក់ថា អង្គរថាយហ្គឺរ បច្ចុប្បន្នឈរនៅលេខ៣ នៃតារាងចំណាត់ថ្នាក់លីគ ក្រោយប្រកួត ៣ដង ឈ្នះ២ និងស្មើ១ មាន ៥ពិន្ទុ ហើយសប្ដាហ៍ក្រោយត្រូវជួប សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ( ទ័ព )។

 

រូបភាព៖ ក្លឹបអង្គរថាយហ្គឺរ – Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់