គ្រូសូលទីឡូអង្គរ មានមន្ទិលជុំវិញការចាញ់វិសាខា ច្រើនគ្រាប់យប់មិញ

មាស សុផាណារ៉ុង March 2, 2020


 

ភ្នំពេញ៖ លោក អ៊ុក សារ៉េត គ្រូបង្វឹកក្រុមសូលទីឡូអង្គរ បានបង្ហាញនូវមន្ទិល ដោយហាក់មិនអស់ចិត្ត ចំពោះការបរាជ័យ ៧ទល់១ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា កាលពីយប់មិញឡើយ។ មិនតែប៉ុណ្ណោះ លោកថែមទាំងថា ការលេងរបស់កូនក្រុម ក្នុងការប្រកួតនេះ មានភាពមិនប្រក្រតីទៀតផង។

បុរសមានវ័យក្បែរ ៧៣ឆ្នាំរូបនេះ បានអះអាងថា ទោះបីលោកមានការព្រួយបារម្ភក្នុងការប្រកួត តែលោកជឿជាក់លើការខំប្រឹងហ្វឹកហាត់របស់កូនក្រុម ទោះបីលទ្ធផលផ្ទុយពីការចង់បាន។ លោកថា «ពេលខ្លះ ការប្រកួតផ្អែកលើកម្លាំងរួម លេងជាក្រុម ឆន្ទៈក្នុងការលេង តែយើងពិនិត្យទៅឃើញថា មិនបោះបង់ការប្រកួតទេ ប៉ុន្ដែការលេងរបស់យើង ហាក់ដូចជាមិនប្រក្រតី។»

លោកបន្ដថា៖ «ពេលយើងទទួលបានគ្រាប់បាល់ ១គ្រាប់ទៅលើគេហើយ យើងហាក់ដូចជាភ្លេច យើងត្រូវតែបន្ដរកលទ្ធផលបន្ថែមទៀត ព្រោះបាល់ទាត់ គឺមានសង្ឃឹមថា ពេលគេរកគ្រាប់បាល់បានហើយ យើងត្រូវរកគ្រាប់បន្ថែមទៀត។ ដូច្នេះខ្ញុំក៏មានចម្ងល់លើកូនក្រុមដែរ ទោះបីយើងខិតខំហ្វឹកហាត់អស់ពីកម្លាំងចិត្ត តែលទ្ធផលយើងទទួលលទ្ធផលមិនគាប់ប្រសើរនោះទេ។»

យ៉ាងណាមិញទោះបីឆ្លងកាត់ ៣ប្រកួតរបូតគ្រាប់បាល់ដល់ទៅ ១៦គ្រាប់យ៉ាងណា ក៏លោក អ៊ុក សារ៉េត បានប្ដេជ្ញានឹងខំប្រឹងកែខៃក្រុមឲ្យបានល្អប្រសើរ សម្រាប់ត្រៀមការប្រកួតសេសសល់ ដោយមិនបណ្ដោយឲ្យក្រុមទទួលរងលទ្ធផលមិនល្អបែបនេះទៀតឡើយ។ ហើយលោកក៏សង្ឃឹមថា កូនក្រុមរបស់ខ្លួន នឹងព្យាយាមខំប្រឹងដូចគ្នា ដើម្បីស្វែងរកលទ្ធផលល្អៗ នាប្រកួតក្រោយៗ។

ក្រឡេកមកមើលក្រុមវិសាខាវិញ ក្រោយយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបក្នុងដី ៧ទល់១ យប់មិញ ពួកគេក៏បានរំកិលមកឈរលេខ៤ បណ្ដោះអាសន្ន និងមាន ៦ពិន្ទុក្នុងដៃ ចាញ់ប្រៀងក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ដែលមាន ៩ពិន្ទុពេញ ក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នា ខណៈសូលទីឡូអង្គរ ៣ប្រកួតមិនទាន់ស្គាល់ពាក្យថាឈ្នះ ឬស្មើ នៅឡើយទេ ពោលគឺចាញ់ ៣ប្រកួតជាប់ៗគ្នា ស្ថិតនៅបាតតារាង និងរបូតគ្រាប់បាល់ដល់ទៅ ១៦គ្រាប់ថែមទៀត៕

 

អត្ថបទ៖ បុត្រា

មតិយោបល់