ចែកគ្នាម្នាក់ ១ពិន្ទុក្នុងសប្ដាហ៍ទី៣ នៃលីគ គ្រូបឹងកេត និងគ្រូណាហ្គា លើកឡើងហេតុផលផ្សេងៗពីគ្នាដែលនាំឲ្យស្មើ

មាស សុផាណារ៉ុង March 2, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត បានប្រកួតស្មើជាមួយ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក្នុងជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅកីឡដ្ឋានខេមបូឌាអ៊ែវេ របស់បឹងកេត។

សម្រាប់ការប្រកួតដែលបញ្ចប់ទៅដោយស្មើគ្នា ១ទល់១ នេះគ្រាប់បាល់បានកើតឡើងនៅវគ្គទី១ ទាំង ២គ្រាប់ ពោលគឺកីឡាករជប៉ុន Naruse Yuta ជាអ្នករកគ្រាប់បាល់នាំមុខមុនឲ្យ ណាហ្គាវើលដ៍ នៅនាទី២០ ខណៈបឹងកេត អាចរកគ្រាប់តាមស្មើមកវិញ នៅនាទី៤៣ ដោយកីឡាករ ចាន់ វឌ្ឍនាកា គ្រាដែលវគ្គទី២ មានតែឱកាសទាត់សំដៅទីគ្នាទៅវិញទៅមក ប៉ុន្តែមិនអាចសម្រេចបាន និងបានរក្សាលទ្ធផលដល់ចប់ការប្រកួតចែកគ្នាម្នាក់មួយពិន្ទុ។

ថ្លែងក្រោយចប់ការប្រកួតដ៏ស្វិតស្វាញ នេះទាំងគ្រូបង្វឹកក្លឹបបាល់ទាត់បឹងកេត និងក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានលើកឡើងនូវហេតុផលផ្សេងៗពីគ្នាដែលនាំឲ្យលទ្ធផលនេះបញ្ចប់ទៅដោយស្មើ ពោល លោក Apisit Im Amphai ( គ្រូបឹងកេត ) ថាបណ្ដាលមកពីមានបញ្ហារបួស ស្របពេល លោក មាស ចាន់ណា ( គ្រូណាហ្គាវើលដ៍ ) ថាមកពីខ្វះសំណាង។

លោក Apisit Im Amphai បានលើកឡើងថា៖

«ថ្ងៃនេះកីឡាករយើងលេង ១០០ភាគរយ ដូចរបៀបមុន យើងមានបញ្ហាកីឡាករឈឺ ដូចជា Messi ( ម៉ាត នូរុណ ), មីហ្សាន ឈឺដូចគ្នា ២នាក់កណ្ដាលអត់មាន។ ថ្ងៃនេះក្រុមណាហ្គា លេងបានល្អ ដឹងពីរបៀបលេងយើង ឃើញយើងលេងច្បាស់។»

លោក មាស ចាន់ណា បានលើកឡើងផងដែរថា៖

«ការប្រកួតនេះខ្ញុំមើលទៅមានអារម្មណ៍ទាក់ទាញមែនទែន ដោយសារលទ្ធផលយើងនៅប្រទាញប្រទង់គ្នា ១ទល់១ អ៊ីចឹងធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍មែនទែន។ ទាក់ទងនឹងការប្រកួតនេះ ខ្ញុំសប្បាយចិត្ត ដោយឃើញកីឡាករខ្ញុំគាត់ធ្វើបានល្អមែនទែន តាំងពីតង់ទី១ ដល់តង់ទី២ បានន័យថា អ្វីដែលយើងរៀបចំគឹគាត់ធ្វើបានច្រើនមែនទែន។ ទាក់ទងនឹងលទ្ធផលស្មើថ្ងៃហ្នឹង ចំពោះខ្ញុំ ខ្ញុំគិតថាជាការសំណាងហើយក្រុមខ្ញុំ យើងឃើញស្រាប់ហើយ ឱកាសយើងទាត់ចូលប៉ុន្មានបាល់​ យើងទាត់អត់ចូល អ៊ីចឹងហើយ វាអត់សំណាង បើទាក់ទងសំណាងខ្ញុំគិតថាយើងប្រហែលអាចឈ្នះ។»

បន្ថែមលើកូនក្រុម គ្រូបង្វឹកដដែលរូបនេះបានបន្តទៀតថា៖ «ទាក់ទងពីរប្រកួត ប្រកួតទី១ ខ្ញុំអត់សូវសប្បាយចិត្តដោយសារអ្វីដែលខ្ញុំដាក់ទៅ ធ្វើអត់បានជោគជ័យ សឹងតែ ៤០ ទៅ៥០ ភាគរយដែលអត់ជោគជ័យ តែទើបប្រកួតនេះ អ្វីដែលខ្ញុំដាក់ទៅគឺជោគជ័យ ជោគជ័យទាក់ទងនឹងយុទ្ធសាស្ត្រ យុទ្ធសាស្ត្រខ្ញុំចាប់ផ្ដើមដូរនៅ ៥ថ្ងៃមុនការប្រកួត ខ្ញុំប្ដូរដើម្បីត្រៀមលេងតង់ទី១ អ៊ីចឹងទៅ វាដំណើរការបានល្អ រហូតដល់ចូលតង់ទី២ ក៏វាដំណើរការទៀត អ៊ីចឹងខ្ញុំចង់និយាយថា ការប្រកួតនេះ ទាក់ទង់នឹងយុទ្ធសាស្ត្រ ទាក់ទងនឹងកលល្បិចក្រុម ខ្ញុំគិតថាដំណើរការ ៨០ភាគរយហើយ ក៏ប៉ុន្តែបញ្ហា គឺបញ្ហានៅតំបន់ខាងលើទេ ដែលទាក់ទងនឹងចលនារបស់ពួកគាត់នៅមានបញ្ហា។»

សូមបញ្ជាក់ថា លទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមទាំងពីរស្ថិតនៅលេខ៥ និងលេខ៦ ក្នុងតារាងចំណាត់ថ្នាក់ ពោលគឺ បឹងកេត នៅលេខ៥ មាន ៥ពិន្ទុ ក្រោយប្រកួត ៣ដង ឈ្នះ១ និងស្មើ២ ខណៈណាហ្គាវើលដ៍ នៅលេខ៦ ក្រោយប្រកួត ២ដង ឈ្នះ១ និងស្មើ១ មាន​៤ពិន្ទុ៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់