U-19 កម្ពុជា ស្ថិតនៅពូល B នៃព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅជប៉ុន

មាស សុផាណារ៉ុង February 22, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដែលត្រូវចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន នឹងត្រូវស្ថិនៅពូល B ដែលមាន ៤ក្រុមត្រូវប្រកួតតទល់គ្នា។

យោងតាមសេចក្ដីជូនដំណឹង ព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament មានប្រទេសចំនួន ៦ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ៣ក្រុម ( U-17 ជប៉ុន, Kagoshima United U-18 និង Kagoshima Selection u-18 ) ក្រុមមកពីអាស៊ីអាគ្នេយ៍ ៥ប្រទេស កម្ពុជា, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត។

ស្ថិតនៅពូល B នេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុម ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ទីម័រខាងកើត, ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា និងក្រុមរបស់ជប៉ុន Kagoshima United U-18។

ពាន​រង្វាន់មិត្តភាព ​JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន នឹងចាប់ប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដ្បិតកម្មវិធីប្រកួតដើម ត្រូវចាប់ផ្ដើមពីថ្ងៃទី២៤​ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ប៉ុន្តែដោយសារការដកខ្លួនមិនចូលរួមពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនធំ ដូចជា ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, សិង្ហបុរី, ព្រុយណេ និងហ្វីលីពីន ) ទើបសម្រួលមកនៅត្រឹម​ការប្រកួតតែ ៤ថ្ងៃ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament គឺជាគម្រោងដែលបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុន ក្នុងទស្សនៈនៃការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់សាមគ្គីភាពប្រទេសនៅក្នុងទ្វីបអាស៊ី និងនៅទ្វីបអូសេអានី តាមរយៈការផ្លាស់ប្តូរកម្មវិធីរវាងយុវជន និងយុវជន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងចំណងមិត្តភាព ខណៈព្រឹត្តិការណ៍នេះនឹងធ្វើជាវេទិកាផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌សម្រាប់យុវជនជប៉ុន និងបណ្តាប្រទេសអាស៊ាន ផងដែរ ក្រៅតែពីការប្រកួតបាល់ទាត់៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់