លោក Oriol អបអរបឹងកេត ដែលអាចរក ១ពិន្ទុបានពីក្រុមរបស់លោក

មាស សុផាណារ៉ុង February 18, 2020


 

សៀមរាប៖ លោក Oriol Segura គ្រូបង្វឹកនៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បាននិយាយថាបឹងកេត សមនឹងទទួលបានពិន្ទុសម្រាប់ការខិតខំ និងអារម្មណ៍របស់ពួកគេនៃ «ការមិនបោះបង់» ក្នុងការប្រកួតដែលស្មើ ជាមួយអង្គរហ្គឺរ កាលពីសប្តាហ៍មុន។

លោក Oriol Segura បានខកចិត្តយ៉ាងខ្លាំង ខណៈដែលលោកជឿជាក់ថា អង្គរថាយហ្គឺរ គួរតែនឹងទទួលបានពិន្ទុច្រើនជាង ១ ពីការប្រកួតបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា របស់ពួកគេទល់នឹង បឹងកេត ក្នុងទឹកដីរបស់ខ្លួន។

និយាយពីការប្រកួត ការទាត់បាល់ Free-Kick ដ៏អស្ចារ្យរបស់ Yudai Ogawa បានជួយឲ្យក្រុមម្ចាស់ផ្ទះ នាំមុខមុននៅវគ្គទី១ ប៉ុន្តែកីឡាករ ម៉ាត ណូរុន បានរកគ្រាប់បាល់តាមស្មើវិញ សម្រាប់ក្រុមភ្ញៀវ ពីការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី៦៧ ដើម្បីបដិសេធក្រុមសៀមរាប មិនឲ្យប្រមូលបាន ៣ពិន្ទុ ក្នុងលទ្ធផលដែលបញ្ចប់ទៅ ១ទល់១។

គ្រូបង្វឹកនៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «ត្រូវហើយ ក្នុងគំនិតខ្ញុំ (នៃការបាត់ ២ពិន្ទុ) យើងទាត់បុកបង្គោលទី ២ដង ហើយយើងបង្កើតឱកាសច្បាស់ៗ ២ដងដូចគ្នា លើសពីនេះទៅទៀត ការប្រកួតបានបញ្ចប់ការកៀបសង្កត់ច្រើនពីខាងខ្ញុំ ប៉ុន្តែខ្ញុំក៏សូមអបអរសាទរដល់គូប្រជែង ពីព្រោះពួកគេមិនដែលបោះបង់ ហើយនោះជាមូលហេតុដែលពួកគេរកបានពិន្ទុ។»

«វាជាការប្រកួតគួរឱ្យចាប់អារម្មណ៍មួយ ខណៈក្រុមទាំងពីរបានបង្ហាញពីកម្រិតនៃការកើនឡើងនៅក្នុងបាល់ទាត់កម្ពុជា។ ជាមួយកីឡាករដែលមានគុណភាពជាច្រើននៅលើទីលាន ដែលធ្វើអោយការប្រកួតនេះកាន់តែប្រសើរសម្រាប់អ្នកគាំទ្រ ព្រោះវាមិនមែនជាការប្រកួតកម្ដៅសាច់ដុំទេ។» គ្រូបង្វឹកសញ្ជាតិអេស៉្បាញ បានបន្ថែម។

លោក Oriol Segura បានសង្គត់ធ្ងន់ទៀតថា៖ «ខ្ញុំគិតថាជាទូទៅយើងមានឱកាសច្រើនក្នុងការឈ្នះការប្រកួតនេះ ពីព្រោះយើងបានទាត់បុកបង្គោលទី ២ដង ប៉ុន្តែទីបំផុតលទ្ធផលស្មើ ១ទល់១ គឺជាលទ្ធផល។ ពិន្ទុដែលទទួលបាន ឬបាត់បង គឺជាការវិភាគដែលត្រូវធ្វើនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយប្រហែលជាបន្ទាប់ពីការប្រកួតក្រៅដីជាមួយបឹងកេត។ វានឹងពឹងផ្អែកលើការប្រកួត ២ដែលបានលេង ហើយតុល្យភាព នឹងមានលក្ខណៈវិជ្ជមាន ឬអវិជ្ជមាន។»

«ក្រុមរបស់យើងក្មេងណាស់ ប៉ុន្តែទោះបីជាមានការលេងដោយការភ័យខ្លាច យើងបានរៀបចំការប្រកួតបានល្អ ហើយយើងមានទំនុកចិត្តក្នុងការប្រកួត។ នៅក្នុងការប្រកួតកាលពីម្សិលមិញ ( កាលពីថ្ងៃអាទិត្យ ) កីឡាកររបស់យើងទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្ត និងការលើកទឹកចិត្ត។»

 

រូបភាព៖ Angkor Tiger Football Club | Metfone Cambodian League

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់