រកបាន ២គ្រាប់ជួយឲ្យស្វាយរៀង ឈ្នះសូលទីឡូ ប៉ុន្តែ Daisuke ថាទើបតែជាការចាប់ផ្ដើម

មាស សុផាណារ៉ុង February 18, 2020


 

ស្វាយរៀង៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរកគ្រាប់បាល់បាន ៥គ្រាប់ ក្នុងជ័យជម្នះលើ សូលទីឡូអង្គរ សម្រាប់ជំនួបបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា នៅលើទឹកដីរបស់ខ្លួន ដើម្បីឈរកំពូលតារាងនៃលីគ។

កីឡាករ Daisuke Kobayashi បានរកគ្រាប់បាល់បញ្ចូលទីបាន ២គ្រាប់ ក្នុងចំណោមគ្រាប់បាល់ទាំង ៥គ្រាប់ផងដែរ ដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានបំបាក់ក្រុមមកពីខេត្តសៀមរាប ៥ទល់១។

ទោះបីជាទទួលបានជ័យជម្នះដ៏ធំកាលពីសប្តាហ៍មុនក៏ដោយ ក៏ខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះបាននិយាយថា វាទើបតែចាប់ផ្តើមនៅពេលដែលក្រុមរបស់គេត្រូវធ្វើការងារជាច្រើនបន្តទៀត ដើម្បីសំរេចគោលដៅការពារជើងឯកលីគ។

ក្រុមខេត្តស្វាយរៀងនឹងត្រូវមានកាតព្វកិច្ចប្រកួតដ៏មមាញឹករបស់ពួកគេក្នុងពានរង្វាន់លីគកំពូលកម្ពុជា, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់ទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup ) ហើយពួកគេក៏នឹងចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់អាស៊ាន ( ASEAN Club Championship ) រួមទាំងអាចពានរង្វាន់ Mekong Club Championship នៅរដូវកាលនេះផងដែរ។

Daisuke Kobayashi បានប្រាប់សារព័ត៌មាន camsports.org ថា៖ «គ្រប់គ្នាបានព្យាយាម ១០០ភាគរយនៅក្នុងការប្រកួតនេះ ហើយយើងធ្វើបានយ៉ាងល្អ ហើយចាប់ផ្តើមបានល្អនៅរដូវកាលនេះ។»

«ជាការពិតយើងមានគោលបំណងចង់ក្លាយជាម្ចាស់ជើងឯក ប៉ុន្តែការប្រកួតកាលពីសប្តាហ៍មុន គ្រាន់តែជាការប្រកួតមួយក្នុងចំណោម ២៤ប្រកួតប៉ុណ្ណោះ។ យើងត្រូវធ្វើការឱ្យកាន់តែខ្លាំងឡើងជាងនេះ។ ខ្ញុំមិនច្បាស់ទេថាតើយើងល្អជាងរដូវកាលមុនប៉ុណ្ណានោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចនិយាយបានច្បាស់គឺថា យើងមានកីឡាករដែលមិនបំបាក់បាននៅក្នុងក្រុម។» កីឡាករសញ្ជាតិជប៉ុនរូបនេះបន្ត។

ខ្សែបម្រើដែលប្រកបអាជីពនៅកម្ពុជា បាន ៣រដូវកាលបន្ថែមជុំវិញ ការរកបាន ២គ្រាប់ជួយឲ្យក្រុមឈ្នះសប្ដាហ៍ដំបូងទៀតថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការរកបាន ២គ្រាប់ក្នុងការប្រកួតដំបូងរបស់យើងនៃរដូវកាលនេះ។ ខ្ញុំមិនអាចធ្វើរឿងនេះបានទេបើគ្មានការគាំទ្រពីមិត្តក្រុមខ្ញុំ ដូច្នេះខ្ញុំពិតជាអរគុណចំពោះពួកគេ។»

«ខ្ញុំគិតថាវាពិតជាលំបាកណាស់សម្រាប់យើងក្នុងរដូវកាលនេះ ពីព្រោះយើងលេងក្នុងលីគ AFC Cup និង ASEAN Club Championship ដូច្នេះយើងត្រូវតែមានការរៀបចំឲ្យបានល្អសម្រាប់ការប្រកួតទាំងអស់ ព្រោះខ្ញុំចង់ឈ្នះការប្រកួតជាច្រើនតាមដែលអាចធ្វើទៅបាន។» Daisuke Kobayashi សង្គត់ធ្ងន់៕

 

រូបភាព៖ Preah Khan Reach Svay Rieng | Metfone Cambodian League

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់