នគរបាលជាតិ មិនទាន់មានមហិច្ឆតាប្រជែងពាន ខណៈលីគពុះកញ្ជ្រោលខ្លាំង – និយាយដោយ លោក ប្រាក់ សុវណ្ណារ៉ា

មាស សុផាណារ៉ុង February 15, 2020


 

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លឹបនគរបាលជាតិ បានអះអាងថា ក្រុមខ្លួនមិនទាន់មានមហិច្ឆតាប្រជែងពានលីគកំពូលកម្ពុជានោះទេ ស្របពេលលីគឆ្នាំនេះ កំពុងពុះកញ្ជ្រោលខ្លាំង តែលោករំពឹង នគរបាលជាតិ នឹងធ្វើបានល្អជាងរដូវកាលមុនៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជួបក្រុមម្ចាស់ផ្ទះវិសាខា បើកឆាកលីគរដូវកាលថ្មី ក្រៅដី កាលពីល្ងាចថ្ងៃសុក្រ គ្រូបង្វឹកកម្រិត Pro-License ខាងលើ បានបញ្ជាក់ថា ឆ្នាំនេះមានក្រុមខ្លាំងៗជាច្រើន សុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីការប្រកួតប្រជែង ក្នុងនោះនគរបាលជាតិ ក៏មានលក្ខណៈល្អប្រសើរដែរ គ្រាន់តែមិនទាន់ធៀបនឹងក្លឹបធំៗ ដែលមានការប្រកួតច្រើន ទាំងជាតិ និងអន្ដរជាតិ មុនរដូវកាលថ្មីចាប់ផ្ដើម។

លោកថា៖ «ឆ្នាំនេះ គឺជាឆ្នាំដ៏ពុះកញ្ជ្រោល តាមខ្ញុំប៉ាន់ស្មានរបស់ខ្ញុំ ក៏ដូចជាការរំពឹងទុករបស់ក្លឹបផ្សេងៗ។ បើនិយាយពីការរៀបចំរបស់ក្លឹបខ្លាំងៗមួយចំនួន គាត់រៀបចំបានល្អមែនទែន ដែលមានការប្រកួតក្នុងស្រុកផង ក្រៅស្រុកផង។ ឯនគរបាលជាតិ ក៏មានការរៀបចំស្វិតស្វាញជារាល់ឆ្នាំដែរ គ្រាន់តែថា យើងមិនទាន់មានឱកាសលេងពានមិត្តភាព ឬក៏ក្រុមខ្លាំងៗនៅឡើយ។ សង្ឃឹមថា ឆ្នាំ២០២០ នេះ យើងអាចនឹងធ្វើបានល្អជាងឆ្នាំ២០១៩។»

ដោយឡែកពាក់ព័ន្ធការប្រកួតសប្ដាហ៍ដំបូង ជាមួយក្រុមវិសាខា លោកហាក់មិនសូវមានភាពជឿជាក់ក្នុងការប្រជែងយក ៣ពិន្ទុនោះទេ គ្រាន់តែលោកថា មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តពេកឡើយ។ លោកថា៖ «ដូចយើងដឹងហើយថា វិសាខា គឺជាក្រុមខ្លាំងមួយ ជាសមាសភាពប្រជែងជើងឯក។ ចំពោះនគរបាលជាតិ គ្រាន់តែយើងរំពឹងធ្វើបានល្អជាងរដូវកាលចាស់ តែមិនទាន់មានមហិច្ឆតាប្រជែងជើងឯកនោះទេ។ ចឹងទាក់ទងនឹងការលេង ធម្មតាទេ យើងប៉ះក្រុមខ្លាំង យើងត្រូវមានជាហេតុផលណាមួយ ដើម្បីលេងជាមួយគេ គ្រាន់តែសង្ឃឹមស្អែកនេះ (ល្ងាចនេះ) យើងមិនឲ្យទស្សនិកជន គាត់ខកចិត្តខ្លាំងនោះទេ។»

គួរបញ្ជាក់ថា ចំពោះកម្មវិធីបើកទំព័រការប្រកួតរដូវកាលថ្មី ជើងទី១ សប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ថ្ងៃនេះ ក្រៅពីវិសាខា បើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលក្រុមនគរបាលជាតិ ក៏មាន ២ប្រកួតលើទីលាន ២ផ្សេងទៀតដែរ រួមមានក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ប៉ះក្រុមភ្ញៀវក្រសួងការពារជាតិ និងក្រុមភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន Smart RSN ទទួលក្រុមអគ្គិសនីកម្ពុជា៕

 

រូបភាព៖ ក្លិបបាល់ទាត់នគរបាលជាតិ | វិសាខា

អត្ថបទ៖ បុត្រា

មតិយោបល់