ទ័ព បង្ហាញសមាសភាពកីឡាករបរទេសថ្មីជាផ្លូវការ រួមទាំងការបង្ហាញឯកសណ្ឋានថ្មី រដូវកាល២០២០

មាស សុផាណារ៉ុង February 14, 2020


 

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ  ( ទ័ព ) ក្លាយជាក្លឹបទី៨ ដែលបាននាំចូលកីឡាករបរទេសរួចរាល់ សម្រាប់ត្រៀមការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ នាចុងសប្ដាហ៍នេះ តាមរយៈការប្រកាសបង្ហាញមុខកីឡាករបរទេសចំនួន ៥រូបជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

ចំពោះសមាសភាពកីឡាករបរទេសទាំង ៥រូបដែលត្រូវបានដឹងថាក្លិបនឹងប្រើប្រាស់នៅរដូវកាលនេះ រួមមាន កីឡាករសញ្ជាតិជប៉ុន Endo Mikito, កីឡាករសញ្ជាតិកូរ៉េខាងត្បូង Sung Min Park, កីឡាករសញ្ជាតិប្រេស៊ីល Romario កីឡាករសញ្ជាតិកាមេរ៉ូន Yannick Francios និងកីឡាករ Rasheed Omokafe ដែលធ្លាប់ជាសមាជិកកីឡាកររបស់ក្លឹបបៀលប្រាយយូណាយធីត និងណាហ្គាវើលដ៍ ហើយកីឡាករទាំង ៥រូបនេះនឹងមានកិច្ចសន្យាជាមួយក្លឹបមួយនេះដល់ចុងឆ្នាំ២០២០។

ជាមួយគ្នាផងដែរ ក្លឹបក៏បានប្រកាសបង្ហាញឯកសណ្ឋានថ្មី រួមទាំងបានចុះកិច្ចព្រមព្រាង ជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ក្នុងស្រុក NT Sport ដែលជាដៃគូសហការណ៍ថ្មីផ្នែកសម្លៀកបំពាក់សម្រាប់រដូវកាល ប្រកួតឆ្នាំ ២០២០ សម្រាប់ក្លឹបផងដែរ។

គួរដឹងដែរថា សប្ដាហ៍នៃលីគកំពូលកម្ពុជា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ  ( ទ័ព ) នឹងត្រូវឡើងទៅជួបម្ចាស់ផ្ទះ យុវជនអាយុក្រោម ១៨ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី នាទីលានសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ នៅថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២០៕

 

រូបភាព៖ Ministry of National Defense Football Club-ក្លឹបបាល់ទាត់ក្រសួងការពារជាតិ

អត្ថបទ៖ ណារ៉ុង

មតិយោបល់