គ្រូភ្នំពេញក្រោន រំពឹងដណ្ដើមបាន ៩ពិន្ទុពេញ សម្រាប់ ៣ប្រកួតបើកឆាក MCL រដូវកាលថ្មី

មាស សុផាណារ៉ុង February 14, 2020


 

ភ្នំពេញ៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន បានដាក់ក្ដីរំពឹង នឹងដណ្ដើមបាន ៩ពិន្ទុពេញ សម្រាប់ការប្រកួត ៣ប្រកួតដំបូង ក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជា (MCL) ឆ្នាំ២០២០ បន្ទាប់ពីចាប់គូប្រកួតប៉ះ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា (EDC) យុវជនសាលាបាល់ទាត់ជាតិបាទី និងក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប នៅដើមរដូវកាលថ្មីនេះ។

លោក ស៊ុំ វណ្ណា បានលើកឡើងថា៖ «MCL រដូវកាលថ្មីនេះ យើងឃើញថា ការចាប់ក្រុមលេងជុំទី១ ល្អប្រសើរជាងឆ្នាំមុន ព្រោះយើងប៉ះក្រុមជាមួយ EDC និងក្រុមពីរផ្សេងទៀត ដែលយើងគិតថា យើងនឹងអាចទទួលបានជោគជ័យ ។ យើងនឹងរៀបចំក្រុមឲ្យបានល្អ ពិសេសការប្រកួតបើករដូវកាលជាមួយ EDC ជាឱកាសល្អមួយ ដែលភ្នំពេញក្រោន អាចនឹងទទួលបាន ៣ពិន្ទុ។ ខ្ញុំគិតថា ក្រុមយើងនឹងធ្វើបានល្អ ហើយយើងនឹងប្ដូរផ្ដាច់ក្នុងទឹកដីរបស់យើង។»

ប៉ុន្ដែទោះមានការជឿជាក់យ៉ាងណា ក៏គ្រូបង្វឹកទើបបញ្ចប់ការសិក្សាវគ្គគ្រូកម្រិត A ដោយជោគជ័យនេះ មិនធ្វេសប្រហែលដែរ ពិសេសការប្រកួតបើកឆាកក្នុងដី ជាមួយ អគ្គិសនីកម្ពុជា នាល្ងាចថ្ងៃសៅរ៍ស្អែកនេះ។

លោកថា ទោះបីអគ្គិសនីកម្ពុជា គឺជាក្រុមប្រើប្រាស់ធនធានកីឡាករក្នុងស្រុក តែពីឆ្នាំទៅមួយឆ្នាំ ក្រុមនេះ មានការវិវត្តន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ជាក់ស្ដែងឆ្នាំនេះ អគ្គិសនីកម្ពុជា គ្រោងលេង ៥០/៥០ មានន័យថា ប្រយុទ្ធ ៥០ និងការពារ ៥០ ខុសពីឆ្នាំមុន ច្រើនលេងការពារ។

គួរបញ្ជាក់ថា នៅម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែកុម្ភៈនេះ ភ្នំពេញក្រោន នឹងត្រូវប៉ះ អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន Smart RSN បន្ទាប់មកទើបជួបក្រុមម្ចាស់ផ្ទះ U-18 បាទី នាថ្ងៃទី២៣-កុម្ភៈ និងបន្ដប្រកួតក្រៅដី ជាមួយក្រុមអាស៊ីអឺរ៉ុប នាថ្ងៃទី២៩-កុម្ភៈ។ ប៉ុន្ដែនៅសប្ដាហ៍ទី៤ ពួកគេនឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០៕

 

អត្ថបទ៖ បុត្រា

មតិយោបល់