គ្រូព្រះខ័នរាជស្វាយរៀង៖ «ខ្ញុំគ្មានលេស ត្រូវគេចពីកម្មវិធីប្រកួតដ៏មមាញឹកនេះឡើយ»

មាស សុផាណារ៉ុង February 13, 2020


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ខ្លួនគ្មានលេស ឬហេតុផល ត្រូវគេចវេសពីកម្មវិធីប្រកួតដ៏មមាញឹកក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់ AFC Cup 2020 ឡើយ ដ្បិតវាជាទំនួលខុសត្រូវរបស់ខ្លួន ហើយបើលទ្ធផលយ៉ាងណា គឺលោកជាអ្នកទទួលខុសត្រូវ។

ការអះអាងបែបនេះ ក៏ដោយសារព្រះខ័នរាជស្វាយរៀងសំខាន់ៗពីរ គឺការប្រកួតលីគកំពូលកម្ពុជា និងពាន AFC Cup 2020 ជាក់ស្ដែងកាលពីយប់ថ្ងៃអង្គារ ពួកគេទើបចាញ់ក្រុម Ceres Negros របស់ហ្វីលីពីន ក្នុងជំនួបបើកឆាកពូល A ហើយពួកគេត្រូវត្រឡប់មកមាតុភូមិភ្លាមៗ ដើម្បីត្រៀមបើកទ្វារផ្ទះទទួលក្រុមសូលទីឡូអង្គរ នាថ្ងៃអាទិត្យនេះ។

លោកថា៖ «ការលេងពាន AFC Cup មានទាំងគុណវិបត្តិ និងគុណសម្បត្តិ ព្រោះការប្រកួតនីមួយៗ ប្រៀបដូចជាការប្រឡងអញ្ចឹង បើយើងចាញ់មានន័យថា យើងធ្លាក់ការប្រឡង បើយើងឈ្នះ មានន័យថា យើងជាប់ការប្រឡង ។ ចឹងក្រុមក្នុងលីគរបស់យើង គេមានពេលច្រើន សម្រាប់រៀបចំក្រុម ផ្ទុយពីយើង ក្រោយពាននេះ (AFC Cup) យើងមានពេល ២ ទៅ ៣ថ្ងៃ ដើម្បីសម្រាក និងប្រមូលផ្ដុំកម្លាំង។»

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ សង្កត់ធ្ងន់ថា៖ «ខ្ញុំគ្មានលេសអ្វីទេ ក្រៅពីព្យាយាមរៀបចំក្រុមឲ្យបានល្អ ដើម្បីប្រកួតប្រជែងជាមួយកម្មវិធីដ៏មមាញឹក ហើយអ្វីដែលសំខាន់ ឆ្នាំនេះយើងចង់បានលទ្ធផលល្អក្នុងលីគ ដើម្បីមានឱកាសលេងពាន AFC Cup នារដូវកាលក្រោយទៀត។»

គួរដឹងថា បន្ទាប់ពីបើកទ្វារផ្ទះទទួលក្រុមសូលទីឡូអង្គរ នាថ្ងៃអាទិត្យនេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបន្ដជួបក្រុមគិរីវង់ ក្នុងដីនៅសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា នាថ្ងៃទី២២-កុម្ភៈ ពោលគឺមុន ៣ថ្ងៃប៉ុណ្ណោះ ដែលក្រុមជើងឯកលីគកម្ពុជានេះ ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុម Bali United របស់ឥណ្ឌូនេស៊ី សម្រាប់ប្រកួតទី២ នៃពានរង្វាន់ AFC Cup 2020 ពូល G៕

 

អត្ថបទ៖ បុត្រា

មតិយោបល់