លីគកំពូលកម្ពុជា ចាប់ផ្ដើមដំណាលគ្នាជាមួយលីគកំពូលថៃ ចុងសប្ដាហ៍នេះ ស្របពេលលីគក្នុងតំបន់អាស៊ានភាគច្រើនចាប់ផ្ដើមសប្ដាហ៍បន្ទាប់

មាស សុផាណារ៉ុង February 13, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ នេះហើយ ពោលគឺដំណាលគ្នាទៅនឹងលីគកំពូលថៃ ដែលចាប់ផ្ដើមនៅចុងសប្ដាហ៍នេះដូចគ្នា ស្របពេលដែលលីគក្នុងតំបន់អាស៊ានភាគច្រើនចាប់ផ្ដើមសប្ដាហ៍បន្ទាប់។

តាមគម្រោង លីគកំពលកម្ពុជា សប្ដាហ៍ទី១ នឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ស្របពេលដែលលីគកំពូលថៃ វិញសប្ដាហ៍ទី១ នឹងចាប់ផ្ដើមថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលអាចនិយាយបានថាក្នុងសប្ដាហ៍ជាមួយគ្នា។

ដោយឡែកលីគនៃប្រទេសជាសមាជិកក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាលីកកំពូលម៉ាឡេស៊ី, លីគកំពូលសិង្ហបុរី និងលីគកំពូលឥណ្ឌូនេស៊ី គឺនឹងចាប់ផ្ដើមនៅសប្ដាហ៍បន្ទាប់ទៀត ពោលគឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ តំណាលគ្នាផងដែរ ខណៈលីគកំពូលវៀតណាម និងហ្វីលីពីន គ្រោងចាប់ផ្ដើមនៅខែមីនា លើកលែងតែលីគកំពូលឡាវ​, លីគកំពូលព្រុយណេ និងលីគកំពូលទីម័រខាងកើត នៅមិនទាន់មានដំណឹងអំពីការចាប់ផ្ដើមនៅឡើយ។

ចំពោះលីគកំពូលមីយ៉ាន់ម៉ា វិញត្រូវបានដឹងថាចាប់ផ្ដើមមុនគេ តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយគិតមកទល់ពេលនេះគឺប្រកួតបាន ៥សប្ដាហ៍រួចមកហើយផងដែរ។

ចំពោះលីគកំពូលកម្ពុជា ដែលនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះមានការប្រកួតដូចខាងក្រោម៖

គួររំលឹកផងដែរថា ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ គឺបានទៅលើ ព្រះខ័នរាជស្វាយរៀង ខណៈថៃ បានទៅ Chiangria United, ម៉ាឡេស៊ី បានទៅ Johor Darul Ta’zim, មីយ៉ាន់ម៉ា បានទៅ Shan Unite, ហ្វីលីពីន បានទៅ Ceres Negros, វៀតណាម បានទៅ Hanoi FC, ឡាវ បានទៅ Lao Toyota FC, ឥណ្ឌូនេស៊ី បានទៅ Bali United, ព្រុយណេ បានទៅ MS ABDB, សិង្ហបុរី បានទៅលើ DPMM FC និងទីម័រខាងកើត បានទៅលើ Lalenok United៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់