ជើងឯកលីគកំពូលហ្វីលីពីន ស្វាគមន៍ ជើងឯកលីគកំពូលកម្ពុជា ជំនួបបើកឆាក AFC Cup 2020

មាស សុផាណារ៉ុង February 11, 2020


 

ម៉ានីល៖ ជើងឯកលីគកំពូលហ្វីលីពីន ( Ceres Negros ) នឹងត្រូវទទួលស្វាគមន៍ ជើងឯកលីគកំពូលកម្ពុជា ( ព្រះខ័នរាជស្វាយរៀង ) ក្នុងជំនួបបើកឆាកប្រចាំពូល G នៃពានរង្វាន់លំដាប់ទី២ សម្រាប់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី ( AFC Cup 2020 ) នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

ការប្រកួតនេះនឹងធ្វើឡើង នា​កីឡដ្ឋាន Rizal Memorial Stadium នៅវេលា​ម៉ោង ៧:៣០​​យប់ ម៉ោង​នៅ​ប្រទេស​ហ្វីលីពីន ត្រូវ​នឹង​ម៉ោង ៦:៣០​នាទី​យប់ ម៉ោង​នៅ​កម្ពុជា​ ដោយស្ថានីយទូរទស្សន៍ BTV News នឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។

ការប្រកួតនេះត្រូវបានចាត់ទុកថាជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមទាំងពីរ ប៉ុន្តែបើនិយាយដោយឡែកសម្រាប់ Ceres Negros វិញ គឺជាការជួបក្រុមពីកម្ពុជា ជាលើកទី២ បន្ទាប់ពីឆ្នាំ២០១៨ ពួកគេធ្លាប់បានជួបបឹងកេត ចំនួន ២ដង ពោលជំនួបបើកឆាកដូចគ្នាបែបនេះ នៅជើងទី១ Ceres បានយកឈ្នះ បឹងកេត ដល់ទៅ ៩-០ ស្របពេលដែលមកជើងទី២ នៅទឹកដីកម្ពុជា វិញ Ceres បន្តឈ្នះ បឹងកេត ០-៤ នៅពហុកីឡដ្ឋានជាតិ។

គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង បានបំបាក់ក្រុម Master 7 FC របស់ឡាវ ដោយលទ្ធផល ៧ទល់១ ក្នុងការប្រកួតនៅវគ្គជម្រុះ នៃពានរង្វាន់ AFC Cup ដើម្បីឡើងទៅវគ្គចែកពូលនេះ ស្របពេលដែល Ceres Negros ទទួលបានកៅអីនេះដោយស្វ័យប្រវត្តិ ប៉ុន្តែបានជម្រុះ នៃពានរង្វាន់លំដាប់ទី១ សម្រាប់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី ( AFC Champions League 2020 ) ដោយប្រកួតបាន ៣ដំណាក់កាល ក្នុងនោះឈ្នះ Shan United របស់មីយ៉ាន់ម៉ា ( ៣-២ ) ឡើងទៅជួប Port FC របស់លីគកំពូលថៃ ( ០-១ ) បានឡើងវគ្គបន្ត ប៉ុន្តែចាញ់ក្រុមជើងឯករងលីគកំពូលជប៉ុន FC Tokyo ( ២-០ ) ទើបធ្លាក់មកប្រកួតពានរង្វាន់នេះ វិញតែម្ដង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់