ព្រះខ័នរាជស្វាយរៀង ចេញដំណើរទៅហ្វីលីពីន ព្រឹកនេះ ដើម្បីត្រៀមប្រកួតបើកឆាក AFC Cup ជាមួយ Ceres

មាស សុផាណារ៉ុង February 9, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីហោះឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ធ្វើការប្រកួតបើកឆាកពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីលំដាប់ទី២ (AFC Cup) ទល់នឹងម្ចាស់ផ្ទះ Ceres Negros នៅវេលាម៉ោង ១០:៣០ នាទីព្រឹកនេះ។

ចំពោះ​ការប្រកួត​ជាមួយ​ម្ចាស់ផ្ទះ Cerers Negros FC ដែលជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន រដូវ​កាល​២០១៩ ផងដែរ​មួយ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នា​កីឡដ្ឋាន Rizal Memorial Stadium នៅវេលា​ម៉ោង ៧​:០០​​យប់ ម៉ោង​នៅ​ប្រទេស​ហ្វីលីពីន ត្រូវ​នឹង​ម៉ោង ៧​:៣០​នាទី​យប់ ម៉ោង​នៅ​កម្ពុជា​។

គួររំលឹកថា ព្រះខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ចែក​ពូ​ល ប្រចាំ​ពូ​ល G នេះ បន្ទាប់ពី​បាន​យកឈ្នះ ជើងឯក​រង​លី​គ​កំពូល​ឡាវ Master 7 FC នៅ​វគ្គ​ជម្រុះ ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៧-១ ពោលគឺ​ជើង​ទី​១ នៅ​កម្ពុជា ឈ្នះ ៤-១ និង​ជើង​ទី​២ នៅ​ទឹកដី​ឡាវ បន្ត​ឈ្នះ ៣-០​។

ការទទួលបាន​កៅអី​ឡើងទៅ​ពូ​ល G គឺ​ត្រូវ​ជួប​ជាមួយនឹង ជើងឯក​លី​គ​កំពូល​ហ្វីលីពីន (Ceres Negros) ជើងឯក​លី​គ​កំពូល​ឥណ្ឌូណេស៊ី (Bali United) និង​ក្រុម​លេខ​៣ លី​គ​កំពូល​វៀតណាម (CLB Than Quang Ninh)​។

បញ្ជាក់​ផងដែរ​ថា គ្រប់ការ​ប្រកួត​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ទាំង​ក្នុង​ដី និង​ក្រៅ​ដី គឺ​នឹងមាន​ការផ្សាយ​ផ្ទាល់ និង​បន្ត​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ BTV News ផងដែរ​៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់