ពិធីបង្ហាញមុខផ្លូវការអ្នកគាំទ្រ ១៣,០០០នាក់ ចូលរួមស្វាគមន៍ Keisuke Honda នៅកីឡដ្ឋាន Estadio Nilton Santos

មាស សុផាណារ៉ុង February 9, 2020


 

ប្រេស៊ីល៖ លោក Keisuke Honda បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ដោយសុវត្ថិភាពហើយកាលពីរសៀលថ្ងៃសុក្រ ( ម៉ោងនៅប្រេស៊ីល ) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ ជាង ២ពាន់នាក់នៅប្រលានយន្តហោះ Galeão airport ទីក្រុង Rio de Janeiro ក្នុងដំណើរទៅចូលរួមជាមួយក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R។

យ៉ាងណាមិញនៅថ្ងៃបន្ទាប់ពោលគឺថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ដែលជាថ្ងៃអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា រូបនេះ ត្រូវធ្វើពិធីប្រកាសស្វាគមន៍ និងបង្ហាញមុខជាផ្លូវការចំពោះមុខអ្នកគាំទ្ររបស់ក្លឹប Botafogo F.R នៅកីឡដ្ឋាន Estadio Olimpico Nilton Santos ដែលផ្ទុកទស្សនិកជនបានប្រមាណ ៦ម៊ឺននាក់។

រឿងដ៏គួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ ក្នុងពិធីប្រកាសបង្ហាញមុខជាផ្លូវការ ចំពោះអ្នកគាំទ្ររបស់ក្លឹប Botafogo F.R នៅកីឡដ្ឋាន Estadio Olimpico Nilton Santos លោក Keisuke Honda បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយមានអ្នកចូលរួមដល់ទៅ ១៣,០០០នាក់ នេះបើតាមការបញ្ជាក់ដោយសារព័ត៌មាន globoesporte.globo.com

ទទួលការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតបែបនេះ លោកបានសង្កត់ធ្ងន់ថា មិនដែលជួបរឿងបែបនេះឡើយ សូម្បីតែជាមួយ AC Milan ជាទីដែលរូបលោកបានចំណាយពេលលេងពីឆ្នាំ ២០១៤-២០១៧ ដែលមានអ្នកគាំទ្រច្រើនដូចគ្នា តែមិនដល់ថ្នាក់នេះ។

សូមបញ្ជាក់ថា Keisuke Honda បានក្លាយជាសមាជិករបស់ Botafogo ជាផ្លូវការហើយ ហើយលោកនឹងទទួលបានអាវលេខ៤ ដែលជាលេខប្រចាំអាជីពរបស់លោកផងដែរ ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់លក់នៅលើទីផ្សារ និងកំពុងទទួលការបញ្ជាទិញច្រើនផងដែរ។

នៅក្នុងលក្ខខណ្ឌចូលរួមជាមួយ Botafogo លោកបានទាមទាររថយន្តការពារគ្រាប់ រួមទាំងអង្គរក្ស ពីក្លឹបថ្មីរបស់ខ្លួនដើម្បីការពារ ខណៈដែលរូបលោកត្រូវរស់នៅទីក្រុង Rio de Janeiro ជាទីក្រុងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលរាយការណ៍ថា តំបន់ Botafogo គឺជាទីក្រុងគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ដែលមានអត្រាឃាតកម្មជាមធ្យម ចំនួន ៣៩ករណី សម្រាប់មនុស្ស ១០,០០០ នាក់៕

 

ប្រភព៖ globoesporte.globo.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់