Tiger Street Football 2020 មណ្ឌលកំពង់ចាម នឹងសម្រាំងយក ៧ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

មាស សុផាណារ៉ុង February 8, 2020


 

កំពង់ចាម៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥ នារសៀលថ្ងៃទី៧ ខែ កុម្ភៈនេះ បានធ្វើសន្និសិទ និងចាប់ឆ្នោតជ្រើសគូប្រកួតហើយនៅសណ្ឋាគារ LBN ASIAN ខេត្តកំពង់ចាម។

លោក យ៉េន វណ្ណៈ គណៈកម្មាការរៀបចំការប្រកួត Tiger Street Football 2020 បានបញ្ជាក់ថា មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥ នេះ ត្រូវដំណើរការប្រកួតនៅថ្ងៃទី០៨ នេះ មានក្រុមចូលរួមប្រកួតប្រជែងចំនួន ៧៧ក្រុម ធ្វើការប្រកួតតាមរូបមន្តជម្រុះចាញ់ធ្លាក់មានរយៈពេល ២ថ្ងៃ ដោយថ្ងៃទី១ ប្រកួតចំនួន ៤៥ប្រកួត និងប្រកួតថ្ងៃទី២ មានចំនួនលេង ៣២ប្រកួត។

គណៈកម្មាការរូបនេះ បញ្ជាក់ទៀតថា មណ្ឌលកំពង់ចាម ក្នុងឆ្នាំ២០២០នេះ មានក្រុមចូលរួមប្រកួតកើនឡើងលើពីឆ្នាំ២០១៩ តែ១ក្រុមប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៩ មាន៧៦ក្រុម។ លោកថា ថ្វីត្បិតមណ្ឌលកំពង់ចាម មានក្រមចូលរួមប្រកួតពុំសូវមានចំនួនច្រើនដូចមណ្ឌលផ្សេងៗ ប៉ុន្តែក្រុមដែលចូលរួមសុទ្ធសឹងតែជាក្រុមខ្លាំង។

អ្នកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 ដែលក្រុមហ៊ុនបានរៀបចំនេះ គឺក្រុមហ៊ុនចង់ចូលរួមលើកកម្ពស់អភិវឌ្ឍវិស័យបាល់ទាត់ក្នុងសាលនៅព្រះរាជាណាចក្រកម្ពុជា ពិសេសចង់ឲ្យកីឡាករដែលស្រលាញ់បាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា បានសម្រេចក្តីស្រមៃជាមួយបាល់ទាត់ដែលខ្លួនបានហ្វឹកហាត់ និងទទួលបានឱកាសក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្នុងព្រះរាជណាចក្រកម្ពុជា។ តំណាងរូបនេះ បានសំណូមពរឲ្យក្រុមចូលរួមប្រកួតទាំងអស់រក្សាប្រកាន់ភ្ជាប់នៅស្មារតីយុត្តិធម៌គោរពគ្នានៅពេលប្រកួត។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥ នេះ សម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន ៧ប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃ២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញ មានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោកជាមួយប្រាក់រង្វាន់សរុប ៥ម៉ឺនដុល្លារ។

សូមជម្រាបថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលទី៥ មណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន ៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០៕

 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់