សារព័ត៌មានប្រេស៊ីលបញ្ជាក់ចំនួនអ្នកគាំទ្រជាង ២ពាន់នាក់ ចាំទទួលស្វាគមន៍ លោក Honda ពេលទៅដល់ព្រលានយន្ដហោះ ទីក្រុង Rio

មាស សុផាណារ៉ុង February 8, 2020


 

ប្រេស៊ីល៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលត្រូវចូលរួមជាមួយក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R នៅរដូវកាល ២០២០ ខាងមុខ បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ដោយសុវត្ថិភាពហើយកាលពីរសៀលថ្ងៃសុក្រម្សិលមិញ ( ម៉ោងនៅប្រេស៊ីល ) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ រាប់ពាន់នាក់នៅប្រលានយន្តហោះ Galeão airport ទីក្រុង Rio de Janeiro។

យោងតាមសារព័ត៌មានប្រេស៊ីល លោក Honda បានទៅដល់ទីក្រុង Rio de Janeiro នៅវេលាម៉ោង ៤:៤០នាទីល្ងាច ហើយអ្វីដែលពិសេសនោះ គឹមានអ្នកគាំទ្ររបស់ក្លឹប Botafogo F.R ប្រមាណជា ២ពាន់បានរង់ចាំទទួលនៅទីនោះ ដោយមានការស្រែកច្រៀងបទចម្រៀងរបស់ក្លឹប, ស្រែកច្រៀងបទចម្រៀងភ្ជាប់ជាមួយឈ្មោះ Honda ផងដែរ។

បន្ទាប់ពីការមកដល់នេះ ក្លឹបក៏គ្រោងនឹងធ្វើពិធីបង្ហាញមុខបុរសវ័យ ៣៤ឆ្នាំរូបនេះជាផ្លូវការមួយបែបទៀត នៅចំពោះមុខអ្នកគាំទ្រ នៅថ្ងៃសៅរ៍ ( ម៉ោងនៅប្រទេសប្រេស៊ីល ) លើកីឡដ្ឋានរបស់ខ្លួនផ្ទាល់ Estadio Olimpico Nilton Santos ដែលផ្ទុកទស្សនិកជនបានប្រមាណ ៦ម៊ឺននាក់។

សូមបញ្ជាក់ថា ការចូលរួមរបស់ Keisuke Honda ជាមួយ Botafogo នេះផងដែរត្រូវបានចាត់ទុកថាជាក្លឹបទី៨ ដែលលោកបាននឹងកំពុងប្រកបអាជីពជាមួយ ហើយលោកនឹងទទួលបានអាវលេខ៤ ដែលជាលេខប្រចាំអាជីពរបស់លោកផងដែរ ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់លក់នៅលើទីផ្សារ។

នៅក្នុងលក្ខខណ្ឌចូលរួមជាមួយ Botafogo លោកបានទាមទាររថយន្តការពារគ្រាប់ រួមទាំងអង្គរក្ស ពីក្លឹបថ្មីរបស់ខ្លួនដើម្បីការពារ ខណៈដែលរូបលោកត្រូវរស់នៅទីក្រុង Rio de Janeiro ជាទីក្រុងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលរាយការណ៍ថា តំបន់ Botafogo គឺជាទីក្រុងគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ដែលមានអត្រាឃាតកម្មជាមធ្យម ចំនួន ៣៩ករណី សម្រាប់មនុស្ស ១០,០០០ នាក់៕

 

ប្រភព៖ globoesporte.globo.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់