Ceres Negros ប្រមូលកីឡាករហ្វីលីពីន ដែលលេងនៅលីគកំពូលថៃ មករួមក្រុមមុនយុទ្ធនាការ AFC Cup

មាស សុផាណារ៉ុង February 7, 2020


 

ហ្វីលីពីន៖ ក្លឹបម្ចាស់ជើងឯកលីគកំពូលហ្វីលីពីន រដូវកាល២០១៩ Ceres Negros បានធ្វើការនាំចូលកីឡាករសញ្ជាតិហ្វីលីពីនរបស់ខ្លួន ដែលលេងនៅលីគកំពូលថៃ កាលពីរដូវកាលមុនមួយចំនួន មករួមក្រុមមុនយុទ្ធនាការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( 2020 AFC Cup ) នៅខែដើមខែកុម្ភៈនេះ។

Ceres Negros ស្ថិតនៅក្នុងពូល G ជាមួយម្ចាស់ជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង, ម្ចាស់ជើងឯកលីគកំពូលឥណ្ឌូណេស៊ី ( Bali United ) និងក្រុមលេខ៣ លីគកំពូលវៀតណាម Than Quang Ninh។

ត្រូវធ្វើការធ្ងន់ជាមួយក្រុមខ្លាំងៗបែបនេះ ក្រុមដែលកំពុងមានពិន្ទុលើគេក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្វើការនាំយកកីឡាករសញ្ជាតិហ្វីលីពីន មួយចំនួនធំដែលរដូវកាលមុនប្រកបអាជីពនៅលីគកំពូលថៃ ដែលរួមមានដូចជា ខ្សែប្រយុទ្ធ Manny Ott ( ផ្ទេរពី Ratchaburi Mitr Phol FC ), ខ្សែការពារ Joshua Dutosme ( ផ្ទេរពី Sukhothai FC ), ខ្សែប្រយុទ្ធ Mark Hartmann ( ផ្ទេរពី Ratchaburi Mitr Phol FC ), ខ្សែប្រយុទ្ធ Hikaru Minegishi ( Pattaya United FC ) រួមទាំងកីឡាករម្នាក់ទៀតផ្ទេរពីក្លឹបក្នុងលីគ Kaya FC-Iloilo។

ក្នុងចំណោមកីឡាករទាំង ៤រូបដែលលេងនៅលីគកំពូលថៃនេះ ភាគច្រើនគឺពុំសូវមានឱកាសបង្ហាញខ្លួនញឹកញាប់ជាមួយក្លឹបរៀងៗខ្លួនឡើយ ដែលគេឃើញមានតែ Mark Hartmann ( ផ្ទេរពី Ratchaburi Mitr Phol FC ) មានឱកាសបង្ហាញខ្លួនច្រើនជាងគេ ១២ដង និងអាចរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ ក្រៅពីនេះសុទ្ធតែបង្ហាញខ្លួនបានតិចជាង ១០ដង។

សូមបញ្ជាក់ថា កីឡាករទាំង ៥រូបថ្មីនេះ នឹងរួមចំណែកជាមួយ Ceres Negros ដើម្បីធ្វើការប្រកួតតតាំងជាមួយក្រុម៣ផ្សេងទៀត ក្នុងពានរង្វាន់ AFC Cup ដែលរួមមានព្រះខ័នរាជស្វាយរៀង, Bali United និង Than Quang Ninh ខណៈប្រកួតដំបូងរបស់គេគឺត្រូវជួប ព្រះខ័នរាជស្វាយរៀង ផ្ទាល់តែម្ដង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅប្រទេសហ្វីលីពីន៕

 

រូបភាព៖ Philippines Football League

អត្ថបទ៖ ណារ៉ុង

មតិយោបល់