បឹងកេត ជាក្លឹបទី៦ បំពេញកូតាកីឡាករបរទេសសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង February 7, 2020


 

ភ្នំពេញ៖ ក្លឹបបឹងកេតអែហ្វស៊ី បានក្លាយជាក្លឹបទី៦ ដែលបាននាំត្រៀមកីឡាករបរទេសរួចរាល់ សម្រាប់ត្រៀមការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ នាចុងសប្ដាហ៍ក្រោយ បន្ទាប់ពីពួកគេបានប្រកាសនូវខ្សែប្រយុទ្ធថ្មី ២រូប គឺកីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Mothusi Gopane និងកីឡាករសញ្ជាតិប្រេស៊ីល Franc Santana Paiva ។

អតីតក្រុមជើងឯក ៣សម័យកាល បានប្រកាសថា កីឡាករវ័យ ២៨ឆ្នាំ Gopane លេងខ្សែប្រយុទ្ធស្លាប ហើយធ្លាប់បានលេងឲ្យក្លឹបជាច្រើន នៅប្រទេសកំណើន ដូចជាក្លឹប Polokwane City, Supersport United, FS Stars និង Mbombela United។ ឯកីឡាករវ័យ ២៧ឆ្នាំ Franc លេងខ្សែប្រយុទ្ធកណ្តាល និងធ្លាប់លេងឲ្យក្លិបក្នុងប្រទេសប្រេស៊ីលជាច្រើន និងចុងក្រោយបង្អស់លេងឲ្យក្លឹប Devolli នៅលីគទី២ ប្រទេសអាល់បានី មុនផ្ទេរមកលេងនៅលីគកំពូលកម្ពុជា។

បន្ទាប់ពីផ្ទេរមកកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ បឹងកេត បានផ្ដល់ឯកសណ្ឋានអាវលេខ៥០ ដល់កីឡាករ Gopane និងអាវលេខ៩៩ ដល់កីឡាករ Franc។ អ្នកទាំងពីរ គឺជាកីឡាករបរទេសទី៤ និងទី៥ សម្រាប់បំពេញកូតាកីឡាករបរទេសត្រៀមរដូវកាលថ្មីរបស់ក្លឹបបឹងកេត បន្ទាប់ពីមានការទម្លាយថា ក្លឹបមានថ្នាក់ដឹកនាំជាស្ដ្រីនេះ បានចុះបញ្ជីកីឡាករបរទេស ៣រូបរួចរាល់ គឺកីឡាករជប៉ុន Kenta Yamazaki និង Hikaru Mizuno រួមទាំងកីឡាករកូតឌឺវ័រ ដែលផ្ទេរពីក្លឹបណាហ្គាវើលដ៏។

Franc Santana Paiva

Mothusi Gopane

ក្រឡេកមកចាប់អារម្មណ៍ ក្លឹបតែបាននាំចូលកីឡាករបរទេសមកពង្រឹកក្រុមត្រៀមការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី១៥ ខែកុម្ភៈខាងមុខ ពេលនេះមាន ៦ក្លឹបហើយ ក្នុងនោះក្រៅពីបឹងកេត គឺមានក្លឹបភ្នំពេញក្រោន, អង្គរថាយហ្គឺរ, វិសាខា, សូលទីឡូអង្គរ និងព្រះខ័នរាជស្វាយរៀង។ ចំណែកក្រុមមួយចំនួនទៀត ក៏បាននាំចូលខ្លះ តែក៏មានក្លឹបមួយចំនួន មិនទាន់ប្រកាសជាផ្លូវការដែរ ខណៈថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃរដូវកាលដោះដូរកីឡាករត្រៀមរដូវកាលថ្មី៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់