ក្លឹប Botafogo ត្រៀមធ្វើពិធីបង្ហាញមុខ Kiesuke Honda ចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង February 6, 2020


 

ប្រេស៊ីល៖ បន្ទាប់ពីបានប្រកាស អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ចូលរួមជាមួយក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R នៅរដូវកាល ២០២០ ខាងមុខ ក្លឹបគ្រោងនឹងធ្វើពិធីបង្ហាញមុខបុរសវ័យ ៣៤ឆ្នាំរូបនេះ នៅចំពោះមុខអ្នកគាំទ្រ នៅចុងសប្ដាហ៍នេះផងដែរ។

យោងតាមការបញ្ជាក់ដោយក្លឹប Botafogo គឺគ្រោងនឹងធ្វើពិធីបង្ហាញមុខ Keisuke Honda ជាមួយនឹងលេខអាវ លេខ៤ របស់លោកជាផ្លូវការនៅថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នាកីឡដ្ឋានផ្ទាល់របស់ខ្លួន Estadio Olimpico Nilton Santos ដែលអាចផ្ទុកទស្សនិកជនបានប្រមាណ ៦ម៊ឺននាក់ ខណៈនៅថ្ងៃសុក្រ ស្អែកលោកនឹងចាកចេញទៅកាន់ប្រទេសប្រេស៊ីលផងដែរ។

នៅមុនធ្វើពិធីបង្ហាញមុខ Botafogo F.R ក៏នឹងធ្វើសន្និសីទសារព័ត៌មាន បន្ទាប់មកទើបចេញទៅបង្ហាញខ្លួននៅលើទីលាននៃកីឡដ្ឋាន ចំពោះមុខអ្នកគាំទ្រ ដែលរំពឹងថានឹងមានការចូលរួមច្រើននៅថ្ងៃនោះផងដែរ។

សូមបញ្ជាក់ថា ការចូលរួមរបស់ Keisuke Honda ជាមួយ Botafogo នេះផងដែរត្រូវបានចាត់ទុកថាជាក្លឹបទី៨ ដែលលោកបាននឹងកំពុងប្រកបអាជីពជាមួយ ហើយលោកនឹងទទួលបានអាវលេខ៤ ដែលជាលេខប្រចាំអាជីពរបស់លោកផងដែរ ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់លក់នៅលើទីផ្សារ។

នៅក្នុងលក្ខខណ្ឌចូលរួមជាមួយ Botafogo លោកបានទាមទាររថយន្តការពារគ្រាប់ រួមទាំងអង្គរក្ស ពីក្លឹបថ្មីរបស់ខ្លួនដើម្បីការពារ ខណៈដែលរូបលោកត្រូវរស់នៅទីក្រុង Rio de Janeiro ជាទីក្រុងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលរាយការណ៍ថា តំបន់ Botafogo គឺជាទីក្រុងគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ដែលមានអត្រាឃាតកម្មជាមធ្យម ចំនួន ៣៩ករណី សម្រាប់មនុស្ស ១០,០០០ នាក់។

ចំពោះក្លឹប Botafogo F.R ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩០៤ ជាក្លឹបបាល់ទាត់ផ្លូវការ និងធ្លាប់ឈ្នះលីគកំពូលប្រេស៊ីល ( The Campeonato Brasileiro Série A ) ចំនួន ២ដងផងដែរ នៅឆ្នាំ១៩៦៨ និងឆ្នាំ១៩៩៥ ជើងឯករង ៣ដង, លេខ៣ ចំនួន​២ដង និងលេខ៤ ៤ដងផងដែរ។ ក្រៅពីនេះ ក្លឹបក៏ធ្លាប់ឈ្នះពានរង្វាន់ក្លឹបជើងឯកប្រចាំទ្វីបអាមេរិកឡាទីន ( The Copa CONMEBOL ) ម្ដង កាលពីឆ្នាំ១៩៩៣។

គួររំលឹកផងដែរថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០ កាលពីដើមខែវិច្ឆិកា កន្លងទៅថ្មីៗនេះបានសម្រេចចាកចេញពីក្លឹបនេះវិញ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ បន្ទាប់លោកគិតថាពុំអាចជួយកែប្រែស្ថានការណ៍របស់ក្លឹបឲ្យទទួលបានលទ្ធផលល្អបាន មុននឹងលោកសម្រេចចិត្តមកបន្តរួមរស់ជាមួយក្លឹបនៅប្រេស៊ីល នេះ៕

 

ប្រភព៖ globoesporte.globo.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់