Anderson Zogbe ជុំវិញមូលហេតុនៃការចាកចេញពីណាហ្គា មកចូលរួមជាមួយ បឹងកេត

មាស សុផាណារ៉ុង February 6, 2020


 

ភ្នំពេញ៖ កីឡាករសញ្ជាតិកូឌីតវ័រ Anderson Zogbe បានបង្ហើបពីមូលហេតុនៃការចាកចេញពី ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ខណៈដែលរូបគេបានបញ្ចប់ការផ្ទេរទៅចូលរួមជាមួយ ក្លឹបបាល់ទាត់បឹងកេត សម្រាប់រដូវកាល ២០២០។

ខ្សែការពារកណ្តាលរូបនេះបានចំណាយពេល ៥រដូវកាលជាមួយ ណាហ្គាវើលដ៍ ជាទីដែលរូបគេបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ក្នុងឆ្នាំ២០១៨ និងស្ថិតក្នុងផ្នែកមួយមិនគួរឱ្យជឿនៅក្នុងតំបន់ការពាររបស់ណាហ្គាវើលដ៍។

យ៉ាងណាមិញក្រោយផ្លាស់មកចូលរួមជាមួយបឹងកេត ​Anderson បានបង្ហាញសមត្ថភាពក្នុងការប្រកួតមិត្តភាពជាច្រើនជាមួយក្លឹបរហស្សនាម នាគខៀវ មួយនេះ ហើយសង្ឃឹមថានឹងប្រើប្រាស់បទពិសោធន៍ ពីលីគកំពូលម្ពុជា ដើម្បីជួយបឹងកេត ប្រជែងយកពានរង្វាន់លីករដូវកាលនេះ។

Anderson Zogbe បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំគ្រាន់តែត្រូវការផ្លាស់ប្តូរក្លឹប ព្រោះខ្ញុំបានលេងអោយក្លឹបណាហ្គាវើលដ៍ យូរមកហើយ។ បទពិសោធរបស់ខ្ញុំគឺពិតជាល្អណាស់ ហើយរាល់ឆ្នាំលីគមានភាពប្រសើរឡើងដែលនេះជារឿងល្អ។»

ខ្សែការពារកូឌីតវ័រដដែលរូបនេះបន្តថា៖ «ខ្ញុំមានពេលវេលាល្អណាស់នៅណាហ្គាវើលដ៍ ហើយយើងក៏ដូចក្រុមគ្រួសារដែរ។ នៅទីនោះពិតជាអស្ចារ្យណាស់។ ខ្ញុំនឹងព្យាយាមបង្កើតការប្រកួតល្អៗ និងព្យាយាមសម្របខ្លួនទៅនឹងរបៀបលេងរបស់បឹងកេត។ ការរំពឹងទុករបស់ខ្ញុំគឺចង់ឈ្នះ ឈ្នះ និងឈ្នះ។ ខ្ញុំពិតជារីករាយណាស់ប្រសិនបើខ្ញុំអាចឈ្នះលីគជាមួយបឹងកេត។»

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់