សមាជិកបរទេសចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង មិនអាចចូលរួមប្រកួតពាន AFC Cup តែអាចចូលប្រកួតពាន ACC

មាស សុផាណារ៉ុង February 6, 2020


 

ស្វាយរៀង៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការប្រកាសបង្ហាញសមាសភាពកីឡាករបរទេសចុងក្រោយរបស់ខ្លួន នាអំឡុងពេលកំពុងធ្វើដំណើរប្រកួតក្រៅប្រទេស ( Pre-Season Tour ) នៅប្រទេសម៉ាឡេស៊ី ពោលគឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Pedro Augusto ក្នុងកិច្ចសន្យាមួយរដូវកាល។

ការមកដល់របស់ Pedro Augusto នេះផងដែរ ធ្វើឲ្យរូបគេក្លាយជាកីឡាករបរទេសទី៥ និងបង្រ្គប់កូតា ដែលក្លឹបចុះបញ្ជីនារដូវកាល២០២០ នេះ បន្ថែមលើកីឡាករខ្សែការពារ Jonathan Cambpbell, ខ្សែបម្រើកណ្ដាលសញ្ជាតិជប៉ុន Diasuke Kobayashi ខ្សែប្រយុទ្ធកាម៉េរូន Privat Befolo Mbarga ដែលទាំង ៣រូបនេះបន្តកិច្ចសន្យាជាមួយក្លឹប និងការបន្ថែមកីឡាករប្រេស៊ីលផ្សេងមួយរូបទៀតមុនការដល់របស់ Pedro មួយរូបទៀត​គឺកីឡាករ Thiago Santos។

បើទោះបីជាត្រូវបានចុះបញ្ជីក្នុងចំណោមកីឡាករបរទេសទាំង ៥រូប ប៉ុន្តែ Pedro Augusto នឹងមិនអាចចូលរួមប្រកួតក្នុងពានរង្វាន់ក្លឹបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( 2020 AFC Cup ) នោះឡើយ នេះបើតាមការបញ្ជាក់ដោយ លោក Conor Nestor គ្រូបង្វឹកនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។

ចំពោះមូលហេតុដែលខ្សែប្រយុទ្ធដដែលរូបនេះ មិនអាចចូលរួមប្រកួតក្នុងពានរង្វាន់ដដែលខាងលើនេះ គឺដោយសារតែព្រឹត្តិការណ៍នេះ អនុញ្ញាតិឲ្យមានកីឡាករបរទេសតែ ៤នាក់ប៉ុណ្ណោះចូលរួមប្រកួត ខណៈលោក Conor Nestor បញ្ជាក់ថាជម្រើសកីឡាករទាំង ៤រូបនោះគឺ Jonathan Cambpbell, Diasuke Kobayashi, Privat Befolo Mbarga និង Thiago Santos។

យ៉ាងណាមិញ គ្រូបង្វឹកលោក Conor Nestor បានបញ្ជាក់ផងដែរថា ទោះបីជា Pedro មិនអាចប្រកួតក្នុងពានរង្វាន់ AFC Cup ប៉ុន្តែរូបគេអាចចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( 2020 AFF Club Championship ឬក៏ The 2020 ACC ) រួមទាំងលីគកំពូលកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង​ នៅរដូវកាលនេះ នឹងត្រូវចូលរួមការប្រកួតជាច្រើនដែលរួមមាន លីគកំពូលកម្ពុជា, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន, ពានជើងឯកក្លឹបបាល់ទាត់អាស៊ី លំដាប់ទី២ ( AFC Cup ), ពានជើងឯកក្លឹបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Club Championship )៕

 

រូបភាព៖ ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់