ឯកឧត្តម ស សុខា ប្រតិកម្មពាន Hun Sen Cup ថ្នាក់ខេត្ត មានបេក្ខភាពប្រកួតតិចជាងឆ្នាំមុន

មាស សុផាណារ៉ុង February 5, 2020


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រតិកម្មចំពោះការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០ ដែលមានបេក្ខភាពប្រកួតប្រជែងតិចជាងឆ្នាំមុន ដោយសារខ្វះការទំនាក់ទំនង និងការផ្ដល់ព័ត៌មាន។

ការប្រកួតវគ្គថ្នាក់ខេត្ត ចាប់ផ្ដើមម្សិលមិញ (រូបភាព ៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន)

ការប្រតិកម្មនេះ បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ស្របពេលការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក៏បានចាប់ផ្ដើមការប្រកួតសន្សំពិន្ទុតាមពូល កាលពីម្សិលមិញដែរ ។

ឯកឧត្តមបានលើកឡើងថា៖ «ពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ មានកង្វះខាតមួយចំនួន ពាក់ព័ន្ធនឹងការទំនាក់ទំនង។ តាមពិតនៅទីនេះ ខ្ញុំមិនមែនចង់រកអ្នកខុស ឬអ្នកត្រូវទេ បើខុសខុសទាំងអស់គ្នា បើត្រូវត្រូវអស់គ្នា។ គោលការណ៍ក្នុងការបង្កើតពាននេះ ចង់ឲ្យថ្នាក់ខេត្ត ឬក្រសួងចូលរួមទាំងអស់គ្នា ក្នុងការប្រកួត ប៉ុន្ដែជាការងារបន្ដបន្ទាប់កាន់តែតិចទៅតិចទៅ។»

«ខ្ញុំសូមអញ្ចេះ បើអាចទៅរួច ឆ្នាំក្រោយ ទី១-សូមឲ្យប្រធានការិយាល័យអប់រំកាយ និងកីឡា ទាំងអស់ អញ្ជើញគាត់មកប្រជុំ នៅគណៈកម្មការរៀបចំការប្រកួត ដើម្បីផ្សព្វផ្សាយរួម ធ្វើម៉េចឲ្យបាន ៣ ទៅ ៤ខែមុន កុំឲ្យថាគាត់មិនទទួលបានព័ត៌មាន។ ខ្ញុំអត់កាន់ជើងខាងមន្ទីរទេ តែមន្ទីរមួយចំនួន គាត់អត់ទទួលបានព័ត៌មានមែន…។ ទី២-សូមឲ្យមានការផ្សព្វផ្សាយមកក្រសួង ដែលជាអាណាព្យាបាលផងដែរ។» ស្ថាបនិកក្លឹបបាល់ទាត់វិសាខារូបនេះបន្ថែម។

បន្ថែមលើនេះ រដ្ឋលេខាធិការដដែល បានស្នើកុំឲ្យចង់ចាញ់ចង់ឈ្នះ ត្រូវមានការសម្របសម្រួលគ្នា ដើម្បីទិសដៅរួម គឺការអភិវឌ្ឍន៍បាល់ទាត់ និងការចូលរួមពីមហាជន ដោយឈរលើគោលដៅរួម ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ម្យ៉ាងលោកក៏បានលើកទឹកចិត្តឲ្យសហព័ន្ធ បន្ដរក្សាការគាំទ្រ និងការចូលរួមរបស់ចលនាមហាជន ដើម្បីពង្រឹងការអភិវឌ្ឍន៍វិស័យកីឡាដ៏មានសក្ដានុពលមួយនេះឲ្យកាន់តែរីកចម្រើនទៀតផង។

តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា

គួរបញ្ជាក់ថា ចំពោះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វគ្គថ្នាក់ខេត្ត ឆ្នាំនេះ មានបេក្ខភាពចូលរួមត្រឹម ១៧ក្រុមប៉ុណ្ណោះ តិចជាងឆ្នាំមុន ៤ក្រុម ខណៈការប្រកួត បានចាប់ផ្ដើមតាំងពីថ្ងៃទី០៤ ខែកុម្ភៈម្សិលមិញ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា | Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់