លោក Conor ដាក់គោលដៅឲ្យក្លាយជាក្រុមដែលប្រកួតប្រជែងខ្ពស់នៅប្រកួតដំបូង មុនបន្តគោលដៅ ក្នុងពាន AFC Cup

មាស សុផាណារ៉ុង February 5, 2020


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានដាក់គោលដៅក្នុងការក្លាយខ្លួនជាក្រុមមានការប្រកួតប្រជែងខ្ពស់ក្នុងពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) នៅប្រកួតដំបូង មុននឹងបន្តគោលដៅនៅប្រកួតបន្តបន្ទាប់ទៀត។

គ្រូបង្វឹកទើបដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ទម្លាក់ក្រុម Master 7 របស់ឡាវ ក្នុងវគ្គជម្រុះរូបនេះ និយាយថា៖ «មុនការចាប់ឆ្នោតផ្គូរផ្គងចំពោះគោលដៅទី១ របស់យើង សម្រាប់ការប្រកួតវគ្គចែកពូល គឺខ្ញុំចង់បាន ៧ពិន្ទុក្នុងពូល ដោយសារក្រុមតំណាងកម្ពុជាលេងនៅពាន AFC Cup រកបានបានច្រើនបំផុត ៦ពិន្ទុប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីបានដឹងសមាសភាពក្រុមរួមពូល យើងបានយល់ស្រប ហើយនឹងគ្មានគិតអ្វីក្រៅតែពីព្យាយាមធ្វើឲ្យក្លាយជាក្រុមមានការប្រកួតប្រជែងខ្លាំងនៅប្រកួតដំបូង បន្ទាប់មកទើបយើងដាក់គោលដៅបន្តទៀត។»

«រីឯគោលដៅទី២ គឺយើងសំដៅលើការប្រកួតដំបូង ដោយប៉ះក្រុម Ceres Negros យើងយកចិត្តទុកដាក់ និងចង់ឲ្យការប្រកួតនេះ មានការប្រកួតប្រជែងគ្នាខ្លាំង ពិសេស ១០ ទៅ ១៥នាទីចុងក្រោយ យើងអាចលេងបាន ហើយយើងក៏អាចយកឈ្នះ ឬយកស្មើ នៅនាទីចុងក្រោយផងដែរ។» លោក Conor Nestor បន្ថែម ។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលរូបនេះធ្លាប់បានលើកឡើងអំពីគូប្រកួតរបស់ខ្លួនទៀតថា៖ «យើងត្រូវតែគោរពថា កម្រិតនេះ បទពិសោធនេះ និងថវិការបស់ក្លឹបនីមួយៗដែលយើងប្រឈមមុខជាមួយពួកគេ គឺស្ថិតនៅឆ្ងាយពីយើង។ ដូច្នេះគោលដៅ គឺត្រូវប្រកួតប្រជែងនៅក្នុងការប្រកួតដំបូង ( ជាមួយ Ceres Negros ) ហើយត្រូវប្រឹងប្រែងប្រយុទ្ធឲ្យអស់ពីលទ្ធភាព ប្រសិនបើយើងសំរេចបាននោះយើងគ្រោងនឹងធ្វើដូចគ្នានឹង Bali United នៅកីឡដ្ឋានជាតិ។»

គួរបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះក្រុម Ceres Negros របស់ហ្វីលីពីន នាថ្ងៃទី១១ ខែកុម្ភៈ ខាងមុខ នៅទឹកដីហ្វីលីពីន។ ចំពោះបេសកកម្មប្រកួតវគ្គចែកពូល នៃពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះដែរ ក្រុមជើងេកលីគកំពូលកម្ពុជា គឺស្ថិតក្នុងពូល G ជាមួយក្លឹប Ceres Negros របស់ហ្វីលីពីន ក្លឹប Than Quang Ninh របស់វៀតណាម និងក្លឹប Bali United របស់ឥណ្ឌូនេស៊ី៕

 

អត្ថបទ៖ បុត្រា

មតិយោបល់