អ៊ន ចាន់ប៉ូលីន នឹងនៅតែជាប្រធានក្រុមរបស់ភ្នំពេញក្រោន នារដូវកាលនេះ បើទោះបីការវិលត្រលប់របស់ កុក បូរីស

មាស សុផាណារ៉ុង February 4, 2020


 

ភ្នំពេញ៖ ខ្សែបម្រើកណ្ដាល អ៊ន ចាន់ប៉ូលីន នឹងក្លាយជាប្រធានក្រុមរបស់ភ្នំពេញក្រោន នៅរដូវកាលនេះ នេះបើតាមការបញ្ជាក់ដោយ លោក ស៊ុំ វណ្ណា ខណៈដែល កុក បូរីស នឹងក្លាយជាអនុប្រធានក្រុម។

ការវិលត្រឡប់របស់អតីតប្រធានក្រុមភ្នំពេញក្រោន កុស បូរីស បានធ្វើឱ្យមានការសង្ស័យលើប្រធានក្រុមនៃក្រុមរហស្សនាមសឹង្ហក្រហមមួយនេះ ប៉ុន្តែលោក ស៊ុំ វណ្ណា បានចេញមកបញ្ចប់ការសង្ស័យ ដោយគ្រូបង្វឹកក្រុមមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមួយនេះ បាននិយាយថា អ៊ន ចាន់ប៉ូលីន នឹងនៅតែជាប្រធានក្រុមនៅរដូវកាលនេះ។

លោក ស៊ុំ វណ្ណា បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ចាន់ប៉ូលីន គឺជាប្រធានក្រុម ហើយ កុក បូរីស នឹងក្លាយជាអនុប្រធានក្រុមនៅរដូវកាលនេះ។ ចាន់ប៉ូលីន ជាប្រធានក្រុមជម្រើសជាតិកម្ពុជា (ឈុតយុវជន) ហើយគាត់ក៏ជាប្រធានក្រុមរបស់យើងផងដែរកាលពីរដូវកាលមុន។ ជាមួយនឹងបទពិសោធន៍របស់គាត់រដូវកាលនេះ គាត់នឹងនៅតែជាប្រធានក្រុមរបស់យើង។»

«គាត់នឹងចូលរួមក្នុងការរៀបចំក្រុម និងយុទ្ធសាស្ត្ររបស់យើង ហើយគាត់ក៏មានគុណភាពនៅលើទីលានផងដែរ។ បទពិសោធន៍របស់គាត់ អាចជួយគាត់ឲ្យមានភាពចាស់ទុំនៅលើទីលាន ហើយគាត់គឺជាកីឡាករដែលមានទំនួលខុសត្រូវខ្ពស់ផងដែរ។» លោក ស៊ុំ វណ្ណា បានបន្ថែម។

ជាមួយគ្នាផងដែរ ភ្នំពេញក្រោន នឹងត្រូវស្វាគមន៍ ក្លឹបអគ្គិសនីកម្ពុជា នៅកីឡដ្ឋាន Smart RSN នាថ្ងៃទី១៥ ខែកុម្ភៈ ក្នុងការប្រកួតបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា។ លោក ស៊ុំ វណ្ណា កំណត់គោលដៅមិនតិចជាង ៣ពិន្ទុនោះទេព្រោះលោកជឿជាក់ថាជ័យជម្នះលើអគ្គិសនីកម្ពុជា នឹងបង្កើនទំនុកចិត្តដល់ក្រុមលោកសម្រាប់ការប្រកួតបន្ទាប់។

«អគ្គិសនីកម្ពុជា ពិតជាក្រុមដ៏ល្អមួយ ហើយប្រាកដណាស់ពួកគេលេងដើម្បីឈ្នះការប្រកួតដូចយើងដែរ។ យើងលេងជាមួយពួកគេនៅផ្ទះរបស់យើង ហើយជាមួយនឹងការខិតខំរបស់យើង ខ្ញុំគិតថាយើងមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះ ៣ពិន្ទុ។» សម្ដីរបស់ លោក ស៊ុំ វណ្ណា។

លោកបានបន្តទៀតថា៖ «វាតែងតែជាការចាប់ផ្តើមដ៏ល្អមួយដើម្បីឈ្នះ ៣ពិន្ទុ ដូច្នេះយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចវា។ វាក៏អាចជួយបង្កើនសមត្ថភាពក្រុម និងទំនុកចិត្តរបស់យើងផងដែរ។ យើងមានការត្រៀមលក្ខណៈក្រុមល្អនៅរដូវកាលនេះ។ យើងបានលេងការប្រកួតមិត្តភាពអន្តរជាតិ ២ទៅ៣ ប្រកួត ហើយយើងបានបង្ហាញពីគុណភាពរបស់យើង។ សង្ឃឹមថាវានឹងជាការចាប់ផ្តើមដ៏ល្អសម្រាប់យើងនៅរដូវកាលនេះ។»

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់