វិសាខា បង្ហាញកីឡាករថ្មី ២រូប ខណៈរដូវកាលដោះដូរកីឡាករ បិទនៅថ្ងៃសុក្រ

មាស សុផាណារ៉ុង February 3, 2020


 

ភ្នំពេញ៖ ក្រុមជើងឯករងឆ្នាំចាស់ វិសាខា បានបង្ហាញវត្តមានកីឡាករចំណូលថ្មី ២រូបទៀតហើយ គឺកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង និងកីឡាករសញ្ជាតិក្រូអាត Mihaljevic Filip ស្របពេលរដូវកាលដោះដូរកីឡាករ នឹងត្រូវបិទនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ។ ការបង្ហាញនេះ បានធ្វើឡើងក្នុងកម្មវិធី The Warrior Night កាលពីចុងសប្ដាហ៍កន្លងទៅ។

ប៊ុនធឿន ប៊ុនណារ៉ុង ត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់ បន្ទាប់ពីគេបានរួមចំណែកជួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមជម្រើសជាតិយុវជនកម្ពុជា ពិសេសបេសកកម្មចុងក្រោយ គឺការប្រកួតពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាម មុនគេរបួសសរសៃពួរ(ACL) អំឡុងពេលប្រកួតជាមួយក្រុម U-18 សិង្ហបុរី ហើយបានធ្វើការវះកាត់ដោយជោគជ័យ កាលពីចុងខែសីហា ឆ្នាំ២០១៩។

ចំពោះការផ្ទេរមកកាន់កីឡដ្ឋានព្រីនស៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតធ្លាប់លេចលឺព៏ត៌មានមានក្លឹបជាច្រើន បានតាមប្រមាញ់រូបគេ។ យ៉ាងណាមិញសាមីខ្លួន ធ្លាប់បានអះអាងថា របួសរបស់ខ្លួនត្រូវការពេលប្រមាណ ៨ខែ ទៅ ១ឆ្នាំ ដើម្បីសម្រាកព្យាបាល បន្ទាប់ពីធ្វើការវះកាត់រួច។ ហេតុនេះ ក្នុងរដូវកាលថ្មីខាងមុខ កីឡាករវ័យ ១៧ឆ្នាំរូបនេះ មិនអាចជួយក្លឹបថ្មីរបស់ខ្លួនបានភ្លាមៗនោះទេ។

ប៊ុនធឿន ប៊ុនណារ៉ុង

ដោយឡែក Mihaljevic Filip វិញ បានក្លាយជាកីឡាករបរទេសទី៥ របស់ក្រុមសម្បូរធនធានមួយនេះ សម្រាប់ត្រៀមរដូវកាលថ្មីឆាប់ៗខាងមុខ ។ កីឡាករសញ្ជាតិក្រូអាតរូបនេះ បានផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០១១ ហើយបានលេងឲ្យក្លឹបជាច្រើន នៅទឹកដីកំណើតរបស់ខ្លួន តែមុនផ្ទេរមកកាន់ក្លឹបវិសាខា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បានលេងឲ្យក្លឹប Widzew Lodz នៃលីគលំដាប់ទី២ នៅប្រទេសប៉ូឡូញ។

គួរដឹងថា ប៊ុនធឿន ប៊ុនណារ៉ុង និង Mihaljevic Filip គឺជាសមាជិកថ្មីទី៦ និងទី៧ ដែលវិសាខា បាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីពួកគេបាននាំចូលកីឡាករថ្មី ៥រូបផ្សេងទៀត កាលពីថ្មីៗ រួមមានកីឡាករ ច្រឹង ពលរដ្ឋ, រ៉ឹង ប៊ុនហៀង និងកីឡាករ Mahammed Khan ដែលផ្ទេរពីក្លឹបក្រសួងការពារជាតិ, កីឡាករ Mustafa Zazai ផ្ទេរពីក្លឹបភ្នំពេញក្រោន និងកីឡាករជម្រើសជាតិអូបេគីស្ថាន Alisher Mirzaev។

Mihaljevic Filip លេខ៣៣

ចំពោះការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ វិញ គ្រោងនឹងបើកការប្រកួត នាថ្ងៃទី១៥ ខែកុម្ភៈខាងមុខ ហើយវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមនគរបាលជាតិមុនគេ ក្នុងសប្ដាហ៍ទី១ នៅកីឡដ្ឋានព្រីនស៍របស់ខ្លួន៕

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់