ជក់ចិត្ត! ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ពេលជម្រុះសល់ ៣២ក្រុម

មាស សុផាណារ៉ុង February 3, 2020


 

បាត់ដំបង៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ បានដំណើរការប្រកួតអស់ពេល២ថ្ងៃ ដោយគិតចាប់ពីព្រឹកថ្ងៃទី៣១ ខែមករា ដល់ល្ងាចថ្ងៃទី០១ ខែកុម្ភៈនេះ គឺជម្រុះនៅសល់តែ ៣២ក្រុមប៉ុណ្ណោះ ឡើងទៅប្រកួតបន្តឆ្ពោះទៅដណ្តើមដំណែងជើងឯកប្រចាំមណ្ឌលបាត់ដំបង ខណៈដែល ៩២ក្រុមត្រូវធ្លាក់ចេញពីការប្រកួត។

លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេស ដឹកនាំព្រឹត្តិការណ៍ Tiger Street Football 2020 បានបញ្ជាក់ថា ៣២ក្រុមដែលនៅសល់នេះ គឺសុទ្ធសឹងជាក្រុមខ្លាំង ហើយ ៣២ក្រុមនេះនៅថ្ងៃទី០២ ខែកុម្ភៈ និងបន្តការប្រកួតចាប់ពីព្រឹកទៅ ដោយជម្រុះ ៣២ក្រុម យក១៦ក្រុម ហើយ ១៦ក្រុមចុងក្រោយជម្រុះយក ៨ក្រុម ៨ក្រុមជម្រុះយក ៤ក្រុម ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងអ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ១ និងលេខ២ ឯក្រុមដែលប្រកួតចាញ់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងត្រូវប៉ះគ្នាដណ្តើមចំណាត់លេខ៣ និង៤។

សម្រាប់ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ និងជ្រើសយកតែ ១០ក្រុមប៉ុណ្ណោះ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា។ បន្ទាប់ពីបញ្ចប់មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤ នេះ មណ្ឌលទី៥ គឺជាមណ្ឌលកំពង់ចាម ដែលមាន ៦ខេត្តចូលរួម គឺស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ក្រចេះ, ព្រៃវែង, ស្វាយរៀង, ដាក់ពាក្យនៅមណ្ឌលខេត្តកំពង់ចាម ប្រកួតថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ខាងមុខនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលទី៥ មណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន ៤ខេត្តចូលរួម គឺព្រះសីហនុ, កែប, កោះកុង និងកំពត ម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០៕

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់