ការប្រកួតកីឡាបឋមសិក្សា ទម្រង់ហ្គេមថ្នាក់ជាតិ នឹងចាប់ផ្ដើមជាលើកដំបូង នៅឆ្នាំ២០២០ នេះ

មាស សុផាណារ៉ុង February 3, 2020


 

ភ្នំពេញ៖ ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានកីឡា នោះសម្រាប់ឆ្នាំ២០២០ ការប្រកួតកីឡាសម្រាប់កម្រិតបឋមសិក្សានឹងរៀបចំជាទម្រង់ហ្គេមថ្នាក់ជាតិ ជាលើកដំបូង។

ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (សិស្សវិទ្យាល័យ) លើកទី១ 

លោក ព្រំ ប៊ុណ្ណយី តំណាងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថា ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ លើកទី១ នាឆ្នាំនេះ នឹងធ្វើពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ដោយមានកីឡាចំនួន ៨ប្រភេទ នឹងត្រូវដាក់បញ្ចូលទៅក្នុងការប្រកួត ហើយនឹងធ្វើការប្រកួតនៅរាជធានីភ្នំពេញ។

កីឡាចំនួន ៨ប្រភេទដែលនឹងត្រូវដាក់បញ្ចូល ទៅក្នុងការប្រកួតនាឆ្នាំនេះរួមមាន៖ បាល់ទាត់, បាល់បោះ, បាល់ទះ, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT ( World Taekwondo ) របស់កូរ៉េខាងត្បូង និងតេក្វាន់ដូ ITF ( International Taekwondo Federation ) របស់កូរេខាងជើង។

លោកបានបន្តថា សម្រាប់ទីលានប្រកួត គឺបានជ្រើសរើសទីលានចំនួន៥ ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យច្បារអំពៅ, វិទ្យាល័យបឹងកេងកង និងវិទ្យាល័យបាក់ទូក។

គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឲ្យមានការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ ​លើក​ទី១​ ( សិស្សវិទ្យាល័យ ) ផងដែរ ដែលជាឆ្នាំដំបូងនេះត្រូវបានដាក់កីឡាចំនួន ១១ប្រភេទឲ្យប្រកួត ដែលរួមមានចំនួន ៩៥វិញ្ញាសា និងមានអត្តពលិកចំនួន ៣.៣៩០នាក់ ចូលរួម៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់