ប្រាក់រង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នឹងមានការកើនឡើង

មាស សុផាណារ៉ុង February 3, 2020


 

ភ្នំពេញ៖ ប្រាក់រង្វាន់នៃពានលីគកំពូលកម្ពុជា រដូវកាល២០២០ នឹងត្រូវតម្លើងជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០ នេះតទៅ នេះបើតាមការបញ្ជាក់ដោយ លោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាន នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC )។

ថ្លែងក្នុងសន្និសីទសារ័ត៌មានមុនបើករដូវកាល២០២០ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ និងពានរង្វាន់ជម្រើសជើងឯកមិត្តហ្វូនខេមបូឌានលីគ ដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០:៣០នាទីព្រឹក នៅពហុកីឡដ្ឋានជាតិ លោក ឈី កុលបុត្រា បានបង្ហើបថា ប្រាក់រង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០២០ នេះនឹងមានការកើនឡើង ( សម្រាប់តែក្រុមជើងឯក ) ប៉ុន្តែចំពោះចំនួននៃការកើនឡើងដល់កម្រិតណានោះលោកមិនទាន់អាចបង្ហើបឲ្យដឹងនៅឡើយទេ ដោយសារនៅមានការពិភាក្សា ការសិក្សាបន្ថែមជុំវិញលទ្ធភាពនៃការបង្កើនប្រាក់រង្វាន់។

បន្ថែមក្រៅពីការតម្លើងប្រាក់រង្វាន់ គណៈកម្មការក៏មាននឹងបន្ថែមចំនួនមេដាយ សម្រាប់ក្រុមទទួលជ័យលាភីផងដែរ ដោយនឹងតម្លើងពី ៣៥មេដាយ សម្រាប់ក្រុមនីមួយៗ ទៅដល់ ៤០មេដាយ។

សូមបញ្ជាក់ថាលីគកំពូលកម្ពុជា រដូវកាល២០២០ នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានក្រុមចំនួន ១៣ចូលរួមប្រកួត ចំណាយពេល ២៦សប្ដាហ៍ ( មិនគិតថ្ងៃឈប់សម្រាកបុណ្យជាតិ និងការប្រមូលផ្ដុំក្រុមជម្រើសជាតិ ) និងបញ្ចប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់