ហ៊ុយ ផល្លីន ជុំវិញ AFC Cup៖ ដល់វគ្គនេះ យើងអត់មានអីត្រូវខ្លាចទេ រង់ចាំតែថ្ងៃប្រកួតមកដល់ប៉ុណ្ណោះ

មាស សុផាណារ៉ុង February 3, 2020


 

ភ្នំពេញ៖ បន្ទាប់ពីរួមចំណែកជួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឡើងវគ្គចែកពូល (Group Stage) នៃពានរង្វាន់ក្លឹបាល់ទាត់ជើងឯកអាស៊ី AFC Cup 2020 ខ្សែប្រយុទ្ធ ហ៊ុយ ផល្លីន បានបង្ហាញឆន្ទៈដ៏មុតស្រួចរបស់ក្រុម ដោយមិនញញើត ចំពោះគូប្រជែងនាវគ្គបន្ដឡើយ ផ្ទុយទៅវិញ ពួកគេកំពុងទន្ទឹងរង់ចាំការប្រកួតមកដល់ទៀតផង។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ និយាយថា៖ «សម្រាប់ពួកយើង បានត្រៀមខ្លួនរួចហើយ។ ដល់វគ្គនេះ យើងអត់មានអ្វីត្រូវខ្លាចទេ យើងរងចាំតែថ្ងៃប្រកួតមកដល់។ ខ្ញុំជឿថា ទស្សនិកជននឹងភ្ញាក់ផ្អើលនាការប្រកួតបន្ទាប់។» ការអះអាងនេះ គឺក្រោយ ផល្លីន និងមិត្តរួមក្រុម បានធ្វើដំណើរមកមាតុភូមិវិញ នារសៀលថ្ងៃសុក្រនេះ បន្ទាប់ពីចប់បេសកកម្មប្រកួតជើងទី២ ដោយយកឈ្នះក្រុមឡាវ Master 7 ៣-០ កាលពីថ្មីៗ។

ទន្ទឹមជាមួយការអះអាងបែបសុទិដ្ឋិនិយមនេះ ផល្លីន ក៏បានបង្ហើបពីចំណុចខ្វះខាតរបស់ក្រុមមួយចំនួន ត្រូវកែតម្រូវបន្ថែមផងដែរ ដើម្បីមានលទ្ធភាពបង្កើតប្រវត្តិសាស្ដ្រឆ្លងផុតពូលលើកដំបូង ។ ផល្លីន បន្ដថា «យើងនៅមានចំណុចខ្វះខាតខ្លះ តែមិនច្រើនប៉ុន្មានទេ ព្រោះការប្រកួតនីមួយៗខុសគ្នា ចឹងយើងត្រូវការរៀបចំខ្លួនឲ្យបានល្អ និងខំប្រឹងបន្ថែមទៀត ដើម្បីត្រៀមលេងនៅវគ្គ Group Stage និងទទួលបានលទ្ធផលល្អ។»

គួរដឹងថា ឆ្លងកាត់ប្រកួតជម្រុះ ២ប្រកួតជាមួយ Master 7 ហ៊ុយ ផល្លីន គឺជាកីឡាករលេចធ្លោរម្នាក់ ដោយមិនត្រឹមតែរកបាន ៣គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៧-១ លើក្រុមជើងឯករងលីគកំពូលឡាវនោះទេ គេថែមទាំងបានជួយគាំទ្រ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទីទៀតផង។ មិនតែប៉ុណ្ណោះ ផល្លីន បានប្ដេជ្ញានឹងខំប្រឹង ដើម្បីស្វែងរកគ្រាប់បាល់ជូនក្រុមឲ្យបាន ក្នុងការប្រកួតវគ្គចែកពូលនាពេលឆាប់ៗខាងមុខទៀតផង។

ចំពោះក្រុមព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នបានឡើងទៅវគ្គចែកពូល ដោយស្វិតក្នុងពូល G ជាមួយក្លឹប Ceres Negros របស់ហ្វីលីពីន ក្លឹប Than Quang Ninh របស់វៀតណាម និងក្លឹប Bali United របស់ឥណ្ឌូនេស៊ី។ រីឯការប្រកួតនឹងចាប់ផ្ដើមនាពាក់កណ្ដាលខែកុម្ភៈខាងមុខ ហើយប្រកួតដំបូង ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតក្រៅដី ដោយប៉ះក្រុមខ្លាំង Ceres Negros នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០៕

 

អត្ថបទ៖ បុត្រា

មតិយោបល់