ចូលរួមជាមួយក្លឹបថ្មីនៅប្រេស៊ីល លោក Honda ទាមទាររថយន្តការពារគ្រាប់ រួមទាំងអង្គរក្សពីក្លឹប Botafogo

មាស សុផាណារ៉ុង February 3, 2020


 

ប្រេស៊ីល៖ កាលពីប៉ុន្មានសប្ដាហ័មុន អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ត្រូវបានសារព័ត៌មានបរទេសចុះផ្សាយអំពីដំណឹងដែលលោកត្រៀមចូលរួមជាមួយក្លឹបនៅលីគកំពូលប្រេស៊ីល នៅរដូវកាល ២០២០ ខាងមុខ ខណៈនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោកត្រូវបានប្រកាសជាផ្លូវការក្នុងការចូលរួមជាមួយក្លឹប Botafogo F.R ដែលជាសមាជិកនៃលីគកំពូលប្រេស៊ីល។

ការចូលរួមជាមួយ Botafogo នេះផងដែរត្រូវបានចាត់ទុកថាជាក្លឹបទី៨ ដែលលោកបាននឹងកំពុងប្រកបអាជីពជាមួយ ហើយលោកនឹងទទួលបានអាវលេខ៤ ដែលជាលេខប្រចាំអាជីពរបស់លោកផងដែរ។

ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍យោងតាមសារព័ត៌មានដ៏ល្បី thesun.co.uk បានបញ្ជាក់ថានៅក្នុងលក្ខខណ្ឌលោកបានទាមទាររថយន្តការពារគ្រាប់ រួមទាំងអង្គរក្ស ពីក្លឹបថ្មីរបស់ខ្លួន Botafogo F.R ដើម្បីការពារ ខណៈដែលរូបលោកត្រូវរស់នៅទីក្រុង Rio de Janeiro ជាទីក្រុងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលរាយការណ៍ថា តំបន់ Botafogo ត្រូវបានគេចាត់ទុកថាជាទីក្រុងគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ដែលមានអត្រាឃាតកម្មជាមធ្យម ចំនួន ៣៩ករណី សម្រាប់មនុស្ស ១០,០០០ នាក់។

ចំពោះក្លឹប Botafogo F.R ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩០៤ ជាក្លឹបបាល់ទាត់ផ្លូវការ និងធ្លាប់ឈ្នះលីគកំពូលប្រេស៊ីល ( The Campeonato Brasileiro Série A ) ចំនួន ២ដងផងដែរ នៅឆ្នាំ១៩៦៨ និងឆ្នាំ១៩៩៥ ជើងឯករង ៣ដង, លេខ៣ ចំនួន​២ដង និងលេខ៤ ៤ដងផងដែរ។ ក្រៅពីនេះ ក្លឹបក៏ធ្លាប់ឈ្នះពានរង្វាន់ក្លឹបជើងឯកប្រចាំទ្វីបអាមេរិកឡាទីន ( The Copa CONMEBOL ) ម្ដង កាលពីឆ្នាំ១៩៩៣។

គួររំលឹកផងដែរថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០ កាលពីដើមខែវិច្ឆិកា កន្លងទៅថ្មីៗនេះបានសម្រេចចាកចេញពីក្លឹបនេះវិញ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ បន្ទាប់លោកគិតថាពុំអាចជួយកែប្រែស្ថានការណ៍របស់ក្លឹបឲ្យទទួលបានលទ្ធផលល្អបាន៕

 

ប្រភព៖ thesun.co.uk | foxsportsasia.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់