វិសាខា​​​​ ប្រារព្ធពិធីបង្ហាញឯកសណ្ឋានថ្មីជាផ្លូវការនៅល្ងាចថ្ងៃទី១ ខែកុម្ភៈនេះ!

នូ មករា February 1, 2020


ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គមរបស់ក្លឹបបាល់ទាត់វិសាខាក៏ដូចជាមានការលេចចេញនូវលិខិតអញ្ជើញកាលពីម្សិលមិញរួចមក នាពេលនេះប្រភពដែលគួរឱ្យទុកចិត្តមួយបានបញ្ជាក់ថា នាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ វិសាខា នឹងប្រារព្ធពិធីបង្ហាញឯកសណ្ឋានថ្មីជាផ្លូវការសម្រាប់រដូវកាល២០២០នៅសាល Koh Pich City Hall នៃទីក្រុងរណបកោះពេជ្ររាជធានីភ្នំពេញដែលជាផ្នែកមួយនៃការប្រកាសស្វាគមន៍ការប្រកួតលីគកំពូលកម្ពុជាក៏ដូចជាពានរង្វាន់សម្តេចតេជោហ៊ុន សែន ក្នុងឆ្នាំនេះផងដែរ។

ទន្ទឹមនឹងនេះ ប្រភពដដែលបានអះអាងថា ក្នុងកម្មវិធីល្ងាចនេះក្រៅពីមានប្រកាសនូវសមាសភាពកីឡា គ្រូបង្វឹក បណ្តាដៃគូសហការ ក៏នឹងមានការបង្ហាញឈ្មោះថ្មីនៃកីឡដ្ឋានថែមទៀតផង ប៉ុន្តែមិនមានបង្ហើបឱ្យដឹងជាក់លាក់នៅឡើយទេ ដោយត្រូវបន្តរង់ចាំការប្រកាសជាផ្លូវការតែម្តង។

គួររំលឹកថា សម្រាប់ឆ្នាំ២០២០នេះ ក្លឹបបាល់ទាត់វិសាខា កំពុងមមាញឹកដើម្បីសាងឡើងនូវសមិទ្ធផលថ្មី ៤ចំណុចរួមមាន៖

ទី១-កន្លែងអង្គុយថ្មី ដែលកំពុងសាងសង់បន្ថែម និងអាចផ្ទុកអ្នកទស្សនាប្រមាណ ៣,០០០នាក់ និងមានជាលក្ខណៈបដិសណ្ឋារកិច្ចខ្ពស់ ។

ទី២-បន្ទាប់ពីបញ្ចប់ការសាងសង់កន្លែងអង្គុយបណ្ដោយទីលានខាងលើ ពួកគេនឹងបន្ដសាងសង់កន្លែងអង្គុយថ្មីមួយទៀត នៅមុខផ្ទាំង LED Scoreboard ។ ហើយក្រោយបញ្ចប់ការសាងសង់ស្ថាពរ វិសាខារំពឹងអាចផ្ទុកអ្នកទស្សនាប្រមាណជាង ១ម៉ឺននាក់ឯណោះ ។

ទី៣-ការបំពាក់ប្រព័ន្ធបាញ់ទឹកស្វ័យប្រវត្តិ ស្របតាមស្ដង់ដារអន្ដរជាតិ និងងាយស្រួលក្នុងការថែរក្សាស្មៅ ។

ទី៤-ការបន្ថែមកន្លែងហាត់ប្រាណថ្មី រួមទាំងបន្ទប់ទុកដាក់ និងថែរក្សាស្បែកជើងរបស់កីឡាករក្រៅពេលហាត់ និងប្រកួតទៀត៕

មតិយោបល់