ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ក្លាយជាមណ្ឌលដែលមានក្រុមចូលរួមច្រើនជាងគេ

មាស សុផាណារ៉ុង January 31, 2020


 

បាត់ដំបង៖ ប្រធានគ្រប់គ្រងបច្ចេកទេសនៃសហព័ន្ធបាល់ទាត់កម្ពុជា លោក ទុយ វិច្ឆិកា បានអះអាងថា Tiger Street Football 2020 មណ្ឌលបាត់ដំបង គឺជាមណ្ឌលដែលមានក្រុមចូលរួមច្រើនជាងគេ។

ប្រធានបច្ចេកទេសនៃសហព័ន្ធបាល់ទាត់កម្ពុជា ដដែលរូបនេះបានបញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន និងប្រជុំចាប់ពូលការប្រកួត Tiger Street Football 2020 មណ្ឌលបាត់ដំបង នៅសណ្ឋាគារស្ទឹងសង្កែ នារសៀលថ្ងៃទី៣០ ខែមករា នេះថា មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football 2020 គឺជាមណ្ឌលដែលមានចំនួនក្រុមចូលរួមប្រកួតច្រើនជាងគេដែលមានរហូតដល់ទៅ ១២៤ក្រុម ខណៈដែលឆ្នាំ២០១៩ កន្លងទៅមណ្ឌលនេះមានក្រុមចូលរួមប្រកួតតែ ៩៦ក្រុមប៉ុណ្ណោះ។

ប្រធានបច្ចេកទេសរូបនេះ បញ្ជាក់ទៀតថា សម្រាប់មណ្ឌលបាត់ដំបងនេះ គឺមាន ៤ខេត្តចូលរួម ដូចជាខេត្តប៉ៃលិន, ពោធិ៍សាត់, បន្ទាយមានជ័យ និងបាត់ដំបង ម្ចាស់ផ្ទះ ដោយធ្វើការប្រកួតរយៈពេល ៣ថ្ងៃ ចម្រាញយក ១០ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភ និងទី០១ ខែមិនា ឆ្នាំ២០២០។

លោកអះអាងថា ដោយសាតែចំនួនក្រុមមានចំនួនច្រើន ការប្រកួតរយៈពេល ៣ថ្ងៃនេះ គឺចាប់ផ្តើមពីព្រឹកទល់យប់ ដោយក្រុមចំនួន១២០ ធ្វើការប្រកួតជម្រុះដំណាក់កាលទី១ រីឯ ៤ក្រុមចាប់ឆ្នោតបានឈរជើង និងចូលរួមប្រកួតដំណាក់កាលទី២ រួចបន្តប្រកួតដល់វគ្គផ្តាច់ព្រ័ត្ររកក្រុមជើងឯកប្រចាំមណ្ឌល។

នាយកផ្នែកលក់ស្រាបៀរ Tiger (CBL) ប្រចាំនៅបាត់ដំបង បានលើកឡើងថា នេះគឺជាមោទនភាពមួយរបស់ខេត្តបាត់ដំបង ដែលពីមួយឆ្នាំទៅមួយឆ្នាំចំនួនក្រុមចូលរួមចេះតែកើនឡើងរហូត ដែលអាចសរបញ្ជាក់ឲ្យឃើញថា ការរីកចំរើនផ្នែកវិស័យបាល់ទាត់នៅបាត់ដំបង កាន់តែមានសកម្មភាពផុសផុលខ្លាំង ហើយក្នុងនាមជានាយកផ្នែកលក់ប្រចាំបាត់ដំបង ចង់ឃើញក្រុមបាត់ដំបងគ្រង់ដំណែងជើងឯកប្រចាំមណ្ឌល និងបន្តទៅគ្រងដំណែងជើងឯកវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ទៀត។

តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានស្នើរឲ្យក្រុមបាល់ទាត់ចូលរួមប្រកួតទាំងអស់សូមចូលរួមប្រកួតដោយក្រមសីលធម៌ខ្ពស់ចេះយោគយលអធ្យាយស្រាយគ្នា ប្រកួតដោយសាមគ្គីភាព និងមិត្តភាព ព្រោះថាការប្រកួតលើទីលាន គឺប្រជែងតែសមត្ថភាព និងទេពកោសល្យប៉ុណ្ណោះ ដើម្បីរកឈ្នះចាញ់។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤ នេះ មានក្រុមចូលរួមប្រកួតចំនួន ១២៤ក្រុម ប្រកួតនៅទីលានកីឡដ្ឋានវាលបែកចាន មានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី៣១ ខែមករា នេះតទៅរហូតដល់ថ្ងៃ អាទិត្យទី០២ ខែកុម្ភៈ ទើបញ្ចប់ការប្រកួត និងជ្រើសរើសយក ១០ក្រុមឡើងទៅប្រវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ សម្រាប់ក្រុមដែលមានប្រាក់រង្វាន់លើកទឹកចិត្ត ពោលមានតែ ៤ក្រុមទេ គឺក្រុមលេខ១ ប្រចាំមណ្ឌល ទទួលបានក្រុមឈ្នះលេខ១ ទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ ក្រុមឈ្នះលេខ២ ទទួលបានប្រាក់រង្វាន់ ១,០០០ដុល្លារ ក្រុមឈ្នះលេខ៣ ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ ក្រុមឈ្នះលេខ៤ ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ប្រាក់រង្វាន់សរុប ៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រនៅថ្ងៃទី២៩ កុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០៕

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់